(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងពិចារណាប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុន Anthropic ឬ OpenAI ដើម្បីជំរុញ Siri ជំនាន់ថ្មីជំនួសឱ្យម៉ូដែលផ្ទាល់ខ្លួន។ ដំណឹងនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិត iPhone កើនឡើង ២% នៅថ្ងៃចន្ទ បន្ទាប់ពីបានធ្លាក់ចុះមុនពេលបើកវគ្គជួញដូរ។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
ការសម្រេចចិត្តនេះអាចជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ Apple ដែលកាលពីខែមីនាបានប្រកាសពន្យារពេលការកែលម្អ AI សម្រាប់ Siri រហូតដល់ឆ្នាំ ២០២៦។ របាយការណ៍ពី Bloomberg ដដែលបានគូសបញ្ជាក់ថា ក្រុមហ៊ុនបានពិភាក្សាជាមួយ Anthropic និង OpenAI រួចមកហើយ ដើម្បីបណ្តុះបណ្តាលម៉ូដែលភាសាធំ (LLMs) របស់ពួកគេឱ្យដំណើរការលើ Cloud របស់ Apple សម្រាប់ការសាកល្បង។
ទោះបីជាការស្វែងរកនេះស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ប្រសិនបើ Apple សម្រេចចិត្តប្រើប្រាស់ AI ពីភាគីទីបី វានឹងបង្ហាញពីយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុនក្នុងការរួមបញ្ចូលបច្ចេកវិទ្យា AI កម្រិតខ្ពស់ ខណៈដែលគូប្រជែងរបស់ខ្លួនកំពុងពង្រីកសមត្ថភាព AI យ៉ាងឆាប់រហ័ស។ កាលពីពេលថ្មីៗនេះ ប្រធានផ្នែក Software របស់ Apple លោក Craig Federighi ក៏បានប្រកាសផងដែរថា ក្រុមហ៊ុនកំពុងបើកចំហរម៉ូដែល AI គ្រឹះរបស់ខ្លួន ប្រើប្រាស់សម្រាប់មុខងារផ្ទាល់ខ្លួនមួយចំនួនទៅកាន់អ្នកអភិវឌ្ឍន៍ភាគីទីបី ហើយថាក្រុមហ៊ុននឹងផ្តល់ជូនទាំងឧបករណ៍បញ្ចប់កូដផ្ទាល់ខ្លួន និងរបស់ OpenAI នៅក្នុង Software របស់ Apple សម្រាប់អ្នកអភិវឌ្ឍន៍។
គួរជម្រាបថា ទន្ទឹមនឹងការសម្រេចចិត្តនេះ ក្រុមហ៊ុន Apple បាននឹងកំពុងរៀបចំថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួនឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍន៍ AI ឱ្យដើរលឿនជាងមុន បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ។ លោក Mike Rockwell ឥឡូវនេះជាអ្នកទទួលបន្ទុកលើ Siri ដោយសារតែនាយកប្រតិបត្តិ Tim Cook លែងមានទំនុកចិត្តលើសមត្ថភាពរបស់ប្រធានផ្នែក AI លោក John Giannandrea ក្នុងការអភិវឌ្ឍន៍ផលិតផល៕