(ឡុងដ៍)៖ តោខៀវ Chelsea បានលក់កីឡាករថ្លៃជាងគេ ក្នុងនាមអ្នកចាំទី Kepa Arrizabalaga ឱ្យទៅគូប្រជែងក្នុងលីគ Premier League គឺកាំភ្លើងធំ Arsenal ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណោះ ខណៈទិញពីក្លិបអេស្ប៉ាញ Athletic Bilbao ថ្លៃរហូតដល់ទៅ ៧១លានផោនឯណោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣០ឆ្នាំរូបនេះ បានផ្លាស់ចេញពីលីគ La LIga មករួមក្រុមនៅអង់គ្លេស ក្នុងក្លិប Chelsea កាលឆ្នាំ២០១៨ និងនៅតែរក្សាបាន ក្នុងនាមអ្នកចាំទីថ្លៃជាងគេរហូតដល់បច្ចុប្បន្នដដែល។

ការផ្លាស់មកលេងនៅក្លិបមានមូលដ្ឋានក្នុងទីក្រុង London ដូចគ្នា Kepa បានចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ នៅកីឡដ្ឋាន Emirates ក្រោយពេលបញ្ចប់កិច្ចសន្យាលេងខ្ចីជើង ១រដូវកាលមុននៅក្លិប AFC Bournemouth ជាទីដែលលោកបានលេងសរុប ៣៥ប្រកួត។

ក្រោយពីចុះកិច្ចសន្យារួចរាល់ Kepa បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងក្នុងការដែលបានមកទីនេះ។ ខ្ញុំពិតចាប់អារម្មណ៍ និងកំពុងទន្ទឹងរង់ចាំការប្រកួតប្រជែងមកដល់ ដើម្បីបង្ហាញពីគោលដៅជាមួយក្លិបថ្មីនេះ នៅពេលបានជជែកជាមួយអ្នកចាត់ការទូទៅ លោក Mikel Arteta ដោយសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា»

ការមកដល់ទឹកដី Emirates គឺ Kepa ត្រូវប្រជែងកៅអីជម្រើសដំបូងជាមួយកីឡាករចាំទីអេស្ប៉ាញដូចគ្នា David Raya៕