(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមខ្លាំងហ្វីលីពីន នៅក្នុងការប្រកួតជម្រុះជើងឯកបាល់ទាត់នារីប្រចាំទ្វីបអាស៊ី AFC Women's Asian Cup Australia 2026 ពូលG នាវេលាម៉ោង ៧យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

លោក Conor Nestor គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានចាត់ទុកការជួបក្រុមរួមតំបន់យប់នេះ គឺជាការប្រកួតប្រជែងកម្រិតខ្ពស់មួយទៀត ដែលកូនក្រុមត្រូវប្រឈមជាមួយក្រុមបានលេងពានបាល់ទាត់នារីពិភពលោក(FIFA Women’s World Cup) គឺក្រុមជម្រើសជាតិនារីហ្វីលីពីន។

លោកបានទទួលស្គាល់ពីភាពខ្លាំងរបស់ហ្វីលីពីន តែការលេងមិត្តភាពជាមួយហ្គាំ ក៏ដូចជាការប្រកួតបើកឆាកជាមួយហុងកុង ដែលសុទ្ធតែជាក្រុមមានបទពិសោធន៍ជាងក្រុមនារីកម្ពុជា កូនក្រុមខ្លួនសុទ្ធតែធ្វើបានល្អ ហើយហុងកុង ក៏បានលេងស្រដៀងគ្នានឹងហ្វីលីពីនដែរ ។ ដូច្នេះលោកនៅតែជឿជាក់លើកូនក្រុមខ្លួន សម្រាប់ការប្រកួតយប់នេះ។

ក្រឡេកទៅចាប់អារម្មណ៍ការបង្ហាញខ្លួន ក្នុងពានរង្វាន់ FIFA Women’s World Cup កាលពីឆ្នាំ២០២៣ របស់ក្រុមជម្រើសជាតិនារីហ្វីលីពីន គឺបានឆ្លងកាត់ ៣ប្រកួតក្នុងពូល ជាមួយលទ្ធផលឈ្នះ ១ គឺឈ្នះនូវែលសេឡង់ ១-០ និងចាញ់ ២ គឺចាញ់ស្វីស ២-០ និងចាញ់ន័រវេស ៦-០ ដែលនាំឲ្យពួកគេឈរបាតតារាង និងធ្លាក់ត្រឹមវគ្គចែកពូល។

គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូលG របស់ក្រុមទាំងពីរ បន្ទាប់ពីបើកឆាកហ្វីលីពីន បានយកឈ្នះអារ៉ាប់ប៊ីសាអូឌីត ៣-០ និងកម្ពុជា បានស្មើហុងកុង ១-១ ។ ការប្រកួតនេះ ពិតជាសំខាន់សម្រាប់ក្រុមគោព្រៃនារីកម្ពុជា ដែលត្រូវការពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC Women's Asian Cup Australia 2026៕