(បរទេស)៖ Real Madrid ត្រូវប៉ះ Borussia Dortmund ដែលជាក្រុមកូនពៅបានឆ្លងផុតវគ្គ ១៦ក្រុម FIFA Club World Cup 2025 នៃជំនួបដែល Jude Bellingham ត្រូវប្រឈមមុខដាក់គ្នាជាមួយប្អូនប្រុសរបស់គេគឺ Jobe Bellingham ដែលទើបផ្លាស់ទៅលេងឱ្យក្រុមរបស់អាល្លឺម៉ង់។

ខ្លាកំណាចប្រចាំទ្វីបអឺរ៉ុប របស់អេស្ប៉ាញមួយនេះ បានបញ្ជូនសេះបង្កង់ Juventus ត្រឡប់ទៅអ៉ីតាលីវិញ តាមរយៈលទ្ធផលឈ្នះ ១-០ យប់មិញនៅទឹកដីសហរដ្ឋអាមេរិក ពីការធ្វើបានដោយកីឡាករ Raul Garcia ដែលត្រូវប៉ះក្រុមមកពីលីគ Bundesliga គឺ Dortmund ដែលពួកគេធ្លាប់បានបំបាក់ ២-០ កាលផ្តាច់ព្រ័ត្រ UEFA Champions League 2023-24 នៅប្រទេសអង់គ្លេស។

វាជាការជួបគ្នាលើកទី២ ផងដែររបស់ Dortmund ទល់នឹងអធិរាជស Real Madrid នាថ្ងៃទី០៦ ខែកក្កដា ក្នុងការប្រជែងកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានទម្លាក់ក្រុមមកពីមិចស៊ិកគឺ Monterrey ដែលមានខ្សែការពារចាស់វស្សា Sergio Ramos លេងនៅទីនោះ ដោយលទ្ធផល ២-១ នាព្រឹកថ្ងៃពុធនេះ (ម៉ោងនៅកម្ពុជា)។

បណ្តាក្រុមទាំងឡាយដែលបានឆ្លងចូលវគ្គ ៨ក្រុម FIFA Club World Cup 2025 ត្រូវតែលេង ៣ប្រកួតទៀត ដើម្បីដណ្តើមទឹកប្រាក់ចំនួន ១២៥លានដុល្លារសម្រាប់ជើងឯក ដោយពុំមានប្រកួតយកចំណាត់ថ្នាក់លេខ៣ ឡើយ៕