(បរទេស)៖​ ក្នុងត្រីមាសទីពីរ ឆ្នាំ២០២៥ ការលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងទៅដល់ ៤.១៨លានគ្រឿង ដែលកើន ១.៧% បើប្រៀបធៀបនឹងឆ្នាំមុន។ ការលក់កើនច្រើននៅខែមេសា និងឧសភា ដោយសារអតិថិជនប្រញាប់ទិញ មុនពេលពន្ធគយថ្មីត្រូវអនុវត្ត។​ នេះបេីតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters នៅថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២៥។

ក្រុមហ៊ុនផលិតរថយន្តធំៗ​ ដូចជា​ Ford មានការលក់កើន ១៤% (ប្រហែល ៦១២,០០០ គ្រឿង) ជាមួយនឹងតម្រូវការខ្លាំងលើម៉ូឌែល F-Series, Ranger និង Maverick។​ General Motors (GM) កើនលើសពី ៧% ដល់ប្រមាណ ៧៤៦,០០០ គ្រឿង។​ Toyota ក៏កើនប្រហែល ៧% នៅត្រីមាសនេះ ដូចបែបនឹង Hyundai ដែលកើន ១០% និង Kia ៥%។ អ្នកជំនាញបានឱ្យដឹងថា ភាគច្រើនអ្នកទិញបានប្រញាប់ទិញមុនពេលពន្ធគយថ្មី​ ដែលដាក់ចេញដោយ​ លោក​ ត្រាំ​ ត្រូវអនុវត្ត។

គួរជម្រាបថា​ ពន្ធគយថ្មីនឹងធ្វើឱ្យតម្លៃកើនឡេីង​ ពោលគឺពន្ធ ២៥% លើរថយន្តនាំចូល និងផ្នែកអាគុយអាចធ្វើឲ្យតម្លៃរថយន្តឡើងខ្ពស់ជាពិសេសសម្រាប់ម៉ូដែលនាំចូលដូចជា Ford Maverick និង Chevy Trax។​ តម្លៃជាមធ្យមនៃរថយន្តថ្មីកើនទៅ ជិត ៥០,០០០ដុល្លារក្នុងខែមិថុនា។​ បើទោះជាមានការកើនឡើងនៅ ត្រីមាសទី២​ ការលក់អាចនឹងធ្លាក់ចុះបន្តនៅ ត្រីមាសទី៣ និង ទី៤​៕