(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ពេទ្យយើង ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឈានមុខ ដើម្បីសម្រួលដល់ការទូទាត់ឌីជីថល សម្រាប់វិស័យសុខាភិបាលកម្ពុជា។ ក្រោមភាពជាដៃគូនេះ ABA KHQR នឹងក្លាយជាមធ្យោបាយទូទាត់ចម្បង នៅលើប្រព័ន្ធទូទាត់វិក្កយបត្ររបស់ ពេទ្យយើង ដោយបម្រើជូនដៃគូសេវាសុខាភិបាលជាច្រើន រួមមានគ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានាទូទាំងប្រទេស។

តាមរយៈការភ្ជាប់ QR API របស់ ABA នៅលើអេក្រង់ម៉ាស៊ីនគិតលុយ និងលើវិក្កយបត្ររបស់ គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា អតិថិជននឹងទទួលបានបទពិសោធទូទាត់កាន់តែរលូនស្រួល ខណៈដែលដៃគូជា គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា ទទួលបានប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរ និងសុវត្ថិភាពពង្រឹងបន្ថែមកាន់តែរឹងមាំ។​ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលធនាគារ ABA ដោយមានការអញ្ជើញចូលរួមពីលោក Zhiger Atchabarov អគ្គនាយករងប្រតិបត្តិ និងជានាយកប្រតិបត្តិការ នៃធនាគារ ABA និងលោកស្រី ប៉ុង លីមសាន នាយិកាប្រតិបត្តិ និងស្ថាបនិក នៃក្រុមហ៊ុនពេទ្យយើង ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរ។

លោក Zhiger Atchabarov មានប្រសាសន៍ថា «ក្នុងនាមជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ យើងខ្ញុំនៅធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែង ក្នុងការបន្តពង្រីកសេវាកម្មរបស់យើងខ្ញុំ ទៅកាន់វិស័យសុខាភិបាល។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាដៃគូ ប្រព័ន្ធបច្ចេកវិទ្យា និងចក្ខុវិស័យរួមគ្នានេះ យើងនឹងអាចបង្កើតគុណតម្លៃរយៈពេលវែង សម្រាប់ស្ថាប័នទាំងពីរ និងសហគមដែលយើងបម្រើសេវាជូន»

លោកស្រី ប៉ុង លីមសាន បានថ្លែងថា «កិច្ចសហការជាមួយ ABA គឺជាជំហានដ៏សំខាន់មួយចំពោះវឌ្ឍនភាពឌីជីថល ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដោយធ្វើឲ្យការទូទាត់សេវាសុខាភិបាល កាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់គ្រប់គ្នា។ ប្រតិបត្តិករសេវាសុខាភិបាល នឹងអស់បារម្ភចំពោះបញ្ហាទូទាត់ខុស ឬច្រឡំ នាំឲ្យមានការខាតបង់ប្រាក់ចំណូល ខណៈអ្នកទទួលសេវា អាចទូទាត់បែបឌីជីថលយ៉ាងរលូន»

សម្រាប់ជំហានតទៅមុខ ធនាគារ ABA និងក្រុមហ៊ុនពេទ្យយើង នឹងប្តេជ្ញាបន្តពង្រឹងការតភ្ជាប់នៃមធ្យោបាយទូទាត់ឌីជីថល និងសេវាសុខាភិបាលនៅកម្ពុជា ដោយបន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់ទាំងដៃគូផ្តល់សេវាសុខាភិបាល និងអ្នកទទួលសេវា៕