(បរទេស)៖ លោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានលក់ភាគហ៊ុនជាង ៣.៣ លានហ៊ុន របស់ក្រុមហ៊ុនខ្លួន ដែលមានតម្លៃប្រមាណ ៧៣៦.៧ លានដុល្លារ។ ការលក់ភាគហ៊ុននេះ គឺជាផ្នែកមួយនៃផែនការលក់ដែលបានរៀបចំទុកជាមុន តាំងពីខែមីនា ដែលលោក Bezos គ្រោងនឹងលក់រហូតដល់ ២៥ លានហ៊ុននៃ Amazon រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមឯកសារហិរញ្ញវត្ថុនៅថ្ងៃអង្គារ និងត្រូវបានចេញផ្សាយដោយ CNBC។
លោក Bezos ដែលបានលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon កាលពីឆ្នាំ២០២១ ប៉ុន្តែនៅតែបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល បានលក់ភាគហ៊ុនក្រុមហ៊ុនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាលោកនៅតែជាម្ចាស់ភាគហ៊ុនបុគ្គលធំជាងគេក៏ដោយ។
កាលពីមុន លោក Bezos ធ្លាប់បានថ្លែងថា លោកនឹងលក់ភាគហ៊ុន Amazon ប្រហែល ១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីផ្តល់មូលនិធិដល់ក្រុមហ៊ុនរុករកអវកាសរបស់លោកគឺ Blue Origin។ លោកក៏បានបរិច្ចាគភាគហ៊ុនដល់ Day 1 Academies ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់លោក ដែលកំពុងសាងសង់សាលាមត្តេយ្យបែប Montessori នៅទូទាំងរដ្ឋមួយចំនួនផងដែរ។
ការលក់ភាគហ៊ុនចុងក្រោយនេះកើតឡើង បន្ទាប់ពីលោក Bezos និងលោកស្រី Lauren Sanchez បានរៀបអាពាហ៍ពិពាហ៍កាលពីសប្តាហ៍មុន ក្នុងពិធីមង្គលការដ៏ប្រណីតមួយនៅទីក្រុង Venice។ ពិធីមង្គលការរយៈពេលបីថ្ងៃ ដែលមានការចូលរួមពីតារាល្បីៗជាច្រើន និងបានបង្កឱ្យមានការតវ៉ាពីប្រជាជនក្នុងស្រុកមួយចំនួន ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៥០ លានដុល្លារ។
គួរជម្រាបថា បច្ចុប្បន្ន លោក Bezos ជាប់ចំណាត់ថ្នាក់ទី ៣ នៅក្នុងសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៤០ ពាន់លានដុល្លារ។ លោកនៅពីក្រោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk មានទ្រព្យសម្បត្តិ ៣៦៣ ពាន់លានដុល្លារ និងនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg មានទ្រព្យសម្បត្តិ ២៦០ ពាន់លានដុល្លារ៕