(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីមួយ ដែលមានឈ្មោះថា «MAI-DxO» ឬហៅឈ្មោះពេញថា (Medical AI Diagnostic Orchestrator) ដែលអាចវាយតម្លៃជំងឺបានត្រឹមត្រូវ ៨៥.៥% ក្នុងករណីជំងឺស្មុគស្មាញ បើប្រៀបធៀបនឹងវេជ្ជបណ្ឌិតដែលមានត្រឹមតែ ២០% ប៉ុណ្ណោះ។
ប្រព័ន្ធនេះត្រូវបានសាកល្បងលើករណីពិតប្រាកដចំនួន ៣០៤ពីទស្សនាវដ្តីវេជ្ជសាស្ត្រ New England Journal of Medicine (NEJM) ដែលជាករណីមានភាពស្មុគស្មាញខ្លាំង។ វេជ្ជបណ្ឌិតដែលចូលរួមសាកល្បង មិនអនុញ្ញាតឲ្យប្រើឧបករណ៍ឯកសារ ឬធនធានក្រៅ ដូចជា Google ឬ UpToDate ឡើយ។ ប្រព័ន្ធនេះ មិនមែនប្រើ AI តែមួយទេ។ វាប្រើ AI ច្រើនម៉ូឌែល ដែលមានការសហការរួមគ្នាដូចជា៖ OpenAI’s GPT-4 និង o3, Claude របស់ Anthropic, Gemini របស់ Google, LLaMA របស់ Meta, DeepSeek និងម៉ូឌែលផ្សេងៗទៀត។ វាមានលក្ខណៈដូចជា ក្រុមវេជ្ជបណ្ឌិតមានបច្ចេកទេស ដែលធ្វើការពិភាក្សានិងប្រជុំគ្នា ដើម្បីសម្រេចលើជំងឺអ្វីមួយ។
ការប្រើប្រាស់ប្រព័ន្ធ AI ដើម្បីវាយតម្លៃជំងឺនេះ គឺមានការចំណាយទាបជាង និងមានប្រសិទ្ធភាព ពោលគឺ បណ្តុំ AI នេះ អាចវាយតម្លៃបានឆ្លាតវៃជាងវេជ្ជបណ្ឌិត ដោយប្រើតេស្តតិចជាង និងសន្សំបានជាង ២០% នៃការចំណាយសរុប។ វាដំណើរការដូចជា វេជ្ជបណ្ឌិតពិតៗ ដោយចាប់ផ្តើមពីអាការៈ ការតេស្ត បន្ទាប់មកពិនិត្យស្ថានភាពជំងឺ និងឈានទៅដល់ការសម្រេចចុងក្រោយ។ Microsoft បានលើកឡើងថា AI នេះ មិនមានបំណងជំនួសវេជ្ជបណ្ឌិតទេ តែបង្កើតឡើងដើម្បីជួយឲ្យការវាយតម្លៃកាន់តែល្អជាងមុន។
ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវការការសាកល្បងបន្ថែមក្នុងជីវិតពិត និងត្រូវការអនុញ្ញាតពីស្ថាប័នច្បាប់ (FDA, etc.) ជាពិេសសត្រូវមានការអនុវត្តគោលការណ៍សីលធម៌ និងការត្រួតពិនិត្យពីមនុស្ស។ ត្បិត AI អាចរកឃើញជំងឺបាន តែវាមិនអាចយល់ពីចិត្តមនុស្ស និងការជឿជាក់រវាងវេជ្ជបណ្ឌិតជាមួយអ្នកជំងឺបានទេ៕