(បរទេស)៖ លោក Turki Alalskikh អ្នកផ្គូផ្គងប្រដាល់ដ៏ល្បីកម្រិតពិភពលោកបានចេញមកបញ្ជាក់ថា អតីតជើងខ្លាំងទម្ងន់ធ្ងន់ Tyson Fury រហស្សនាម «the gypsy king» នឹងវិលមកកាន់សង្វៀនវិញនាឆ្នាំ២០២៦ ក្រោយពីការសម្រេចចិត្តចាកចេញពីការចូលនិវត្តន៍។
បុរសសញ្ជាតិអារ៉ាប៊ីសាអូឌីតខាងលើនេះបានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «The Gypsy King នឹងវិលត្រឡប់មកវិញ។ ខ្ញុំបានពិភាក្សាជាមួយ Fury រួចហើយ ដោយគាត់ក៏បាននិយាយថា នឹងបង្ហាញវត្តមាននៅទីក្រុង Riyadh នាឆ្នាំ២០២៦ ដែរ។ ពួកយើងមានទន្សាយមួយទៀត ដែលត្រូវប្រម៉ាញ់»។
គួររំលឹកផងថា Tyson Fury វ័យ ៣៦ឆ្នាំ បានប្រកាសព្យួរហ្គង់នៅលើជញ្ជាំង នាអំឡុងខែមករា ឆ្នាំ២០២៥ ក្រោយបរាជ័យក្រោមកណ្តាប់ដៃរបស់គូប្រជែងជនជាតិអ៊ុយក្រែន Oleksadr Usyk ដោយពិន្ទុឯកច្ឆន្ទកាលពីខែធ្នូ ឆ្នាំ២០២៤។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ តែងតែចាត់ទុក Usyk ជាសត្វទន្សាយជានិច្ច មុនពេលរូបគេទទួលរងបរាជ័យទាំង ២លើកតែម្តងនៅឯសង្វៀន ដែលធ្វើឡើងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕