(ភ្នំពេញ)៖ ដោយសារការលេងមិនខ្លាចចាញ់របស់ក្រុមជម្រើសជាតិនារីកម្ពុជា ទើបរបូតគ្រាប់បាល់ច្រើន ក្នុងជំនួបទល់នឹងក្រុមខ្លាំងហ្វីលីពីន នៃវគ្គជម្រុះពានរង្វាន់ AFC Women's Asian Cup Australia 2026 ក្នុងពូល G ។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកលោក Conor Nestor ក្រោយកម្ពុជា ចាញ់ហ្វីលីពីន ៦-០ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ក្រោយបញ្ចប់ការប្រកួត ។

លោក Conor បានចាត់ទុកនេះគឺជាលទ្ធផលដ៏អាក្រក់ ដែលគ្រប់គ្នា ទាំងក្រុមការងារ កីឡាការិនី និងអ្នកគាំទ្រ ពិបាកនឹងទទួលយក ។ តែអ្វីដែលជាភាពវិជ្ជមានសម្រាប់ក្រុម គឺការលេងជាមួយក្រុមកម្រិតខ្ពស់ ដូចជាហ្វីលីពីន ដែលមានកីឡាការិនីមានកាយសម្បទាល្អ និងការរៀបចំបាល់ Set-Pieces ដ៏ល្អរបស់ពួកគេ ហើយបើកម្ពុជាមានការប្រកួតបែបនេះកាន់តែច្រើន គឺកាន់តែល្អ សម្រាប់ការដុសខាតសមត្ថភាពកាន់តែរីកចម្រើន។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលនៃការប្រកួតនេះវិញ លោកបានសង្កត់ធ្ងន់ថា «ទាក់ទងនឹងការរបូតគ្រាប់បាល់ច្រើន ដោយសារទម្រង់លេងរបស់យើង ដូចពេលយើងលេងវគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ។ បើយើងព្យាយាមលេងខ្លាចចាញ់ច្រើន មានន័យថា យើងអត់អាចលេងលក្ខណៈចង់ឈ្នះទេ ។ អ៊ីចឹងយើងត្រូវហ៊ានលេង មិនមែនលេងទប់ៗ ព្រោះខ្លាចចាញ់នោះទេ»

គួរដឹងថា ក្រោយរងបរាជ័យលើកដំបូងនេះ ក្រុមជម្រើសជាតិនារីកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានជើងឯកបាល់ទាត់នារីទ្វីបអាស៊ី ប៉ុន្ដែកម្ពុជា នៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមបាតតារាងអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី៥ ខែកក្កដា ហើយលោក Conor Nestor រំពឹងថា ការប្រកួតនេះ កូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ ដើម្បីទទួលបាន ៣ពិន្ទុបន្ថែម និងធានារកបានឲ្យបាន ៤ពិន្ទុក្នុងពូល ក្រោយបញ្ចប់ការប្រកួតផ្លូវការ។

ដោយឡែកក្រុមបាល់ទាត់នារីហ្វីលីពីន ដែលកំពុងមានភាគរយខ្ពស់ឡើងទៅវគ្គបន្ដ ពួកគេក៏ត្រូវរង់ចាំអ៊ុតការប្រកួតបញ្ចប់ពូលG ជាមួយហុងកុងដូចគ្នា នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ។ ជំនួបកាត់សេចក្ដីនេះ ហុងកុង ដែលទើបរកបាន ៤ពិន្ទុ ត្រូវការឈ្នះដាច់ខាត ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាមួយហ្វីលីពីន ដែលកំពុងកាន់ ៦ពិន្ទុក្នុងដៃ៕