(បរទេស)៖ ក្រុមការពារតំណែងជើងឯក Manchester City បានវិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយពាំនាំទឹកប្រាក់ប្រមាណ ៣៧.៨លានផោនផងដែរពី FIFA ក្រោយពេលជ្រុះចេញពី Club World Cup 2025 នៅសហរដ្ឋអាមេរិកត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងរបស់ Al-Hilal កាលពីថ្ងៃអង្គារ។

ទោះជាយ៉ាងណា ក្រុមមេឃខៀវមួយនេះបានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជាការសោកស្តាយផងដែរ ក្រុមរបស់លោក Pep Guardiola នឹងទទួលបានប្រាក់រង្វាន់ចំនួន ៩.៥លានផោនបន្ថែមទៀត ប្រសិនបើពួកគេបានឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយ ដែលនឹងធ្វើឱ្យពួកគេកើនកំរ៉ៃ ៥៣.៨លាផោនក្នុងដៃ។

គិតមកទល់ពេលនេះ City បានចំណាយអស់ ៣១លានផោនទៅលើខ្សែការពារឆ្វេង Ait-Nouri ដែលបញ្ជូនបាល់បាន ១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៥-២ ទៅលើ Juventus និង ៣០.៥លានផោនទៀត សម្រាប់ខ្សែប្រយុទ្ធមកពីក្លិប Lyon គឺ Cherki ដែលរកបានគ្រាប់ផងដែរ ក្នុងជ័យជម្នះ ៦-០ ទៅលើ Al-Ain៕