(បរទេស)៖ ក្រុមហ៊ុន Baidu ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានប្រកាសនៅថ្ងៃពុធថា ខ្លួនបានដាក់ឱ្យប្រើប្រាស់ កម្មវិធីបង្កើតវីដេអូ ឬ video generator ដោយ AI ថ្មីសម្រាប់អាជីវកម្ម។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏បានធ្វើការកែលម្អដ៏ធំមួយទៅលើ ម៉ាស៊ីនស្វែងរក របស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters។

កម្មវិធីបង្កើតវីដេអូ ពីរូបភាពទៅវីដេអូ (image-to-video) នេះមានឈ្មោះថា MuseSteamer។ វាអាចបង្កើតវីដេអូបានរហូតដល់ ១០ វិនាទី និងមាន 3 version ផ្សេងគ្នាគឺ Turbo, Pro និង Lite។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AI ល្បីៗដូចជា OpenAI និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក បានពង្រីកសមត្ថភាពពីកម្មវិធីជជែកកម្សាន្ត (Chatbots) ទៅកាន់កម្មវិធីបង្កើតវីដេអូពីអត្ថបទ ឬពី រូបភាព។ នៅប្រទេសចិន ក្រុមហ៊ុន ByteDance, Tencent និង Alibaba ក៏បានបញ្ចេញកម្មវិធីស្រដៀងគ្នានេះដែរ។

កម្មវិធីនេះ គឺខុសពីផលិតផលគូប្រជែងជាច្រើន រួមទាំង Sora របស់ OpenAI ដែលផ្តោតលើអ្នកប្រើប្រាស់ទូទៅ និងមានការបង់ប្រាក់ប្រចាំខែ ខណៈកម្មវិធី MuseSteamer របស់ Baidu គឺបង្កើតឡើងសម្រាប់តែ អ្នកប្រើប្រាស់ជាអាជីវកម្ម ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់មានកម្មវិធីសម្រាប់អ្នកប្រើប្រាស់ទូទៅនៅឡើយទេ។

ចំពោះការកែលម្អម៉ាស៊ីនស្វែងរកវិញ Baidu បានរចនាប្រអប់ស្វែងរក ឬ search box ថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាយពាក្យស្វែងរកបានវែងជាងមុន ព្រមទាំងគាំទ្រការស្វែងរកដោយ សំឡេង និង រូបភាព ផងដែរ។ លើសពីនេះ វេទិកាស្វែងរកនេះក៏អាចបង្ហាញខ្លឹមសារដែល ត្រូវនឹងតម្រូវការ អ្នកប្រើប្រាស់កាន់តែច្បាស់ ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យា AI របស់ Baidu។

គួរជម្រាបថា បច្ចុប្បន្ន Baidu កំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងឡើង ដោយសារតែកម្មវិធីជជែកកម្សាន្តដែលប្រើ AI ដូចជា Doubao របស់ ByteDance និង Yuanbao របស់ Tencent កាន់តែទទួលបានការពេញនិយម៕