(បរទេស)៖ ស្វីស ដែលត្រូវបានគេស្គាល់ថា ជាប្រទេសសំបូរភ្នំគ្របដណ្តប់ដោយព្រិល និងជាទីតាំងរៀបចំកីឡាស្គីទឹកកកលំដាប់ពិភពលោកផងនោះ ប្រែជាទទួលរងនូវរលកកំដៅខ្លាំង ចំពេលកំពុងរៀបចំកម្មវិធីបាល់ទាត់ស្រ្តីប្រចាំទ្វីបអឺរ៉ុប UEFA Women’s European Championship 2025 ទៅវិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទាំង ១៦ប្រទេស (ក្រុម) បានត្រៀមខ្លួនរួចរាល់ ដើម្បីលេងពាន ៤ឆ្នាំម្តង Euro 2025 នៅទូទាំងប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះ ចាប់ពីថ្ងៃទី០២-២៧ ខែកក្កដា។

ជាការព្រួយបារម្ភ ស្មៅអាចនឹងឆេះ ដោយសារតែក្តៅខ្លាំង ស្របពេលអ្នកគាំទ្រភាគច្រើន ត្រូវបានគិតគូរពីបញ្ហាកំដៅជាចាំបាច់ក្នុងកីឡដ្ឋានផងដែរ។

ជាមួយគ្នានោះដែរ អាជ្ញាធរស្វីស ក៏បានជូនដំណឹងពីរលកកំដៅកើនឡើងនេះដែរ នៅទូទាំងប្រទេសរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ចំពោះការកើនឡើង ១០អង្សាគិតជាមធ្យមនៅក្នុងឆ្នាំនេះ។

សីតុណ្ហភាពខ្ពស់បំផុតអាចកើនដល់ ៣៥អង្សា និងលាយឡំដោយខ្សល់ព្យុះទៀតផង មានដូចជានៅទីក្រុង Basel ៣៦អង្សា St Gallen ៣៥អង្សា Bern ៣៣អង្សា និង Geneva ៣៤អង្សា។

គួរបញ្ជាក់ផងថា បញ្ហារលកកំដៅនេះមិនត្រឹមតែវាយប្រហារប្រទេសនៅអឺរ៉ុប តួយ៉ាងសហរដ្ឋអាមេរិក នៅក្រៅតំបន់អឺរ៉ុប ក៏ទទួលរងកំដៅកើនឡើងនេះដែរ ដែលកំពុងរៀបចំព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលដំណើរការដល់វគ្គ ៨ក្រុម ជាមួយនឹងការប្រកួតជាច្រើនត្រូវបានពន្យារពេលផងដែរ ដោយសារក្តៅខ្លាំង៕