(ភ្នំពេញ)៖ ដើម្បីអាចដឹកនាំ និងគ្រប់គ្រងគុនខ្មែរលើពិភពលោកបាន ចាំបាច់សហព័ន្ធគុនខ្មែរជាតិ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ ត្រូវមានឯកភាពផ្ទៃក្នុងតែមួយ និងសម្លេងតែមួយ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន ប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធគុនខ្មែរអន្ដរជាតិ បានរៀបចំពិធីប្រគល់តួនាទីភារកិច្ចថ្នាក់ដឹកនាំ កាលពីថ្ងៃពុធកន្លងទៅ ក្រោយមានការកែទម្រង់ដ៏ធំ ក្រោយលោក មាម រ៉ា ជាប្រធានសហព័ន្ធ ជាប់បំពេញបេសកកម្មការងារយៈពេលយូរនៅក្រៅប្រទេស ហើយបានប្រគល់តួនាទីប្រធានស្ដីទី ដល់លោក វ៉ាត់ ចំរើន និងប្រគល់តួនាទីជា អគ្គលេខាធិការស្ដីទី ដល់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

លោក វ៉ាត់ ចំរើន បន្ដថា ការផ្ទេរ និងកែសម្រួលតួនាទីភារកិច្ចនេះ គឺដើម្បីសម្រួលដល់យន្ដការងារផ្ទៃ ក៏ដូចជាការពង្រឹងសមត្ថភាពការងារ រវាងសហព័ន្ធគុនខ្មែរជាតិ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ ឲ្យកាន់តែល្អប្រសើរ ពិសេសតំណែងអគ្គលេខាធិការស្ដីទី ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលត្រូវទទួលភារកិច្ចក្នុងការរៀបចំការងាររដ្ឋបាល បច្ចេកទេស និងការងារទំនាក់ទំនងអន្ដរជាតិឲ្យកាន់តែរឹងមាំជាងមុន។

លោកបានសង្កត់ធ្ងន់ថា «នេះគឺជាយុទ្ធសាស្ដ្រឈ្នះឈ្នះ និងជាយុទ្ធសាស្ដ្រ ដែលយើងត្រូវមានឯកភាពផ្ទៃក្នុងតែមួយ មានសម្លេងតែមួយសម្រាប់គុនខ្មែររបស់យើង ក្នុងការដឹកនាំ និងគ្រប់គ្រងគុនខ្មែរលើពិភពលោកបាន ។ ចឹងភាពរឹងមាំនេះ យើងគិតថា ដោយសារតែយើងមានសុខសន្ដិភាព ក្រោមម្លប់ និងចក្ខុវិស័យ នៃការដឹកនាំ និងគ្រប់គ្រងដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រីរបស់យើង ដែលតែងតែងឲ្យពង្រឹងសមត្ថភាពការងារស្ថាប័ន និងអង្គភាពនីមួយៗ គឺយើងត្រូវតែធ្វើឲ្យមានការអភិវឌ្ឍខាងផ្នែកសុខដុមនីយកម្មការងារ និងធ្វើបច្ចុប្បន្នភាពការងារ ជាមួយធ្វើកំណែទម្រង់គ្រប់បែបយ៉ាង គឺកែទម្រង់រស់ មិនកែទម្រង់ស្លាប់»

«ការកែទម្រង់របស់យើង សំដៅទៅរកការអភិវឌ្ឍ និងសំដៅទៅរកកម្លាំងដ៏រឹងមាំមួយ សម្រាប់ការងារឲ្យទទួលបានជោគជ័យ ព្រោះបច្ចុប្បន្ននេះ គុនខ្មែរ មានភាពល្បីល្បាញ និងមានប្រជាប្រិយភាពនៅក្រៅប្រទេស ហើយប្រទេសនីមួយៗ កំពុងតែស្នើសុំឲ្យគុនខ្មែរជាតិរបស់យើងមានភាពរឹងមាំ ដើម្បីជួយផ្ទេរចំណេះដឹង ផ្នែកជំនាញបច្ចេកទេសហ្នឹង ទៅឲ្យគេបានលឿន ។ នេះគឺជាចំណុច ដែលយើងត្រូវធ្វើការងារចាប់ពីពេលនេះតទៅ។ ដូច្នេះថ្ងៃនេះ ជាថ្ងៃកំណត់ត្រាប្រវត្តិសាស្ដ្រមួយសម្រាប់សហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏ដូចជាសម្រាប់គុនខ្មែរអន្ដរជាតិ ដែលជាកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់យើង ដែលធ្វើការកែទម្រង់ធំមួយ នៅក្នុងឆ្នាំ២០២៥ នេះ»

គួរដឹងថា សហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានដំណើរការ ៣ដំណាក់មកហើយ ដោយមានលោក មាម រ៉ា ជាប្រធាន ។ បេសកកម្មសំខាន់របស់ គឺ “អភិរក្សដើម្បីអភិវឌ្ឍន៍ គុនខ្មែរ” និង“អភិវឌ្ឍន៍ដើម្បីអភិរក្សគុនខ្មែរ” ដែលជាប្រភេទយុទ្ធគុនអត្តសញ្ញាណជាតិខ្មែរ។ បច្ចុប្បន្នសហព័ន្ធមានបណ្ដាប្រទេសប្រមាណ ៦៥ប្រទេសលើពិភពលោក ខណៈថ្នាក់ដឹកនាំ បាននឹងកំពុងខិតខំជំរុញការពង្រីកសមាជិកបន្ថែម ពិសេសការសម្រេចគោលដៅឲ្យបានលើសពី ៧៥ប្រទេស ដើម្បីកម្ពុជាមានលទ្ធភាពស្នើបញ្ចូលគុនខ្មែរទៅក្នុងការប្រកួតកម្រិតអូឡាំពិកនាថ្ងៃអនាគត៕