(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិកខ្លាំងៗ ៨ក្រុម មកពី ៤ប្រទេស រួមមានកម្ពុជា វៀតណាម ឡាវ និងសិង្ហបុរី នឹងត្រូវជួបប្រកួតដណ្ដើមពានរង្វាន់កីឡាអេឡិចត្រូនិកអន្តរជាតិប្រចាំតំបន់អាស៊ាន Exprez Mekong Warrior Invitations (EMWI) 2025 លើកដំបូងនៅកម្ពុជា ដែលនឹងត្រូវធ្វើការប្រកួតវគ្គ Play-Off រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៣-៦ ខែកក្កដាខាងមុខ ក្រោយពិធីចាប់គូប្រកួតរួចរាល់ កាលពីម្សិលមិញ។
យោងតាមគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមការប្រកួតចម្រុះតាម Online ជាង ១ខែមកហើយ ក្នុងនោះកម្ពុជា មានបេក្ខភាពចុះឈ្មោះចូលរួម ២១៩ក្រុម ហើយជម្រុះបាន ៦ក្រុម ធ្វើការប្រកួតជម្រុះប្រចាំតំបន់ជាមួយបេក្ខភាពមកពីវៀតណាម ២ក្រុម, ឡាវ ២ក្រុម និងសិង្ហបុរី ២ក្រុម ដើម្បីស្វែងរកក្រុមខ្លាំង ២ក្រុមឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ Play-Off ដែលមានក្រុមខ្លាំង ៦ក្រុមទៀត កំពុងឈរចាំ។
ជាលទ្ធផលក្រុមកម្ពុជា ២ក្រុម គឺក្រុម Team Max និង Team Flash KH បានឈរលេខ១ និងលេខ២ ក្នុងវគ្គជម្រុះប្រចាំតំបន់ ។ ការណ៍នេះ កម្ពុជាបានកើនក្រុមដល់ ៥ក្រុម ដែលត្រូវប្រកួតវគ្គ Play-Off ដ្បិតមាន ៣ក្រុមឈរចាំ រួមមានក្រុមខ្លាំង CFU Gaming, Galaxy Legends និង PRO Esports ។ រីបេក្ខភាព ៣ក្រុមទៀត ដែលឈរចាំនៅវគ្គ Play-Off ផងនោះ គឺមានក្រុម Legion Esports មកពីវៀតណាម, ក្រុម Leon Esports មកពីឡាវ និងក្រុម RSG Singapore មកពីសិង្ហបុរី។
ជាមួយព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនៅកម្ពុជានេះដែរ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចាត់ទុកជាវេទិការដ៏សំខាន់ សម្រាប់ផ្ដល់ឱកាសដល់អត្តពលិកកម្ពុជា ក្នុងការចូលរួមប្រកួត និងបង្ហាញសមត្ថភាព ដ្បិតក្រោយចប់ស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួត MFC ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលក្ខណៈអន្ដរជាតិ រយៈពេល ២ឆ្នាំមកហើយ ដែលក្រុមកម្ពុជា ខកខានការប្រកួតលក្ខណៈអន្ដរជាតិ ។ លើសពីនេះ វាក៏ជាឱកាសវាស់ស្ទង់ និងសម្រួចសមត្ថភាពកីឡាករត្រៀមស៊ីហ្គេមចុងឆ្នាំនេះផងដែរ។
លោកបន្ដថា «គណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ បានសម្រេចដាក់វិញ្ញាសា Mobile Legend ទាំងបុរស-នារី ហើយកម្ពុជាហើយ ក៏បានជូនដំណឹងទៅគណៈកម្មការរៀបចំស៊ីហ្គេមហើយដែរថា យើងត្រៀមបញ្ជូនកីឡាអេឡិចត្រូនិកទាំង ២ក្រុម(បុរស-នារី)ទៅចូលរួម ប៉ុន្ដែយើងរង់ចាំមើលគេអនុញ្ញាតបានប៉ុន្មានក្រុម។ ដូច្នេះចំពោះសិទ្ធផលទៅលើកីឡាករ សម្រាប់ការរៀបចំព្រឹត្តិការណ៍ EMWI នេះ គឺជារឿងល្អមួយ និងជាការត្រៀមខ្លួនមួយ សម្រាប់ការចូលរួមប្រកួតស៊ីហ្គេម ក្នុងការតេស្ដសមត្ថភាពក្រុមកីឡាករជាតិរបស់យើង»។
គួរដឹងថា ព្រឹត្តិការណ៍ EMWI 2025 សហការរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងក្រុមហ៊ុន T.Y Media ។ ចំពោះការប្រកួតជុំចុងក្រោយ ដើម្បីស្វែងរកម្ចាស់ជើងឯកនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports។ សម្រាប់ប្រាក់រង្វាន់ក្រុមជយលាភី គឺក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ៦ពាន់ដុល្លារ, លេខ ២ ទទួលបាន ៣ពាន់ដុល្លារ និងលេខ៣ ទទួលបាន ២ពាន់ដុល្លារ ហើយក្រុមលេខ ៤ ដល់លេខ ៨ ក៏ទទួលបានប្រាក់ឧបត្ថម្ភដែរ៕