(ភ្នំពេញ)៖ ជាផ្លូវការ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានស្ថិតក្នុងពូល E នឹងត្រូវរៀបចំធ្វើម្ចាស់ផ្ទះលេងវគ្គជម្រុះបឋមពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Women's Champions League 2025-2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ ក្រោយការចាប់ឆ្នោតបែងចែកពូល (Preliminary Stage) នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ។

ស្ថិតក្នុងពូល E នេះ ក្រុមនារីភ្នំពេញក្រោន ត្រូវតតាំងជាមួយនារីក្លិប East Bengal FC របស់ឥណ្ឌា និងក្លិប Kitchee SC មកពីលីគនារីហុងកុង ដែលជាពូលចុងក្រោយគេមានត្រឹម ៣ក្រុមប៉ុណ្ណោះ ខណៈ ៤ពូលផ្សេងទៀត គឺមាន ៤ក្រុមស្មើគ្នា ។

ជាមួយនឹងលក្ខខណ្ឌការប្រកួតតម្រូវចែកចេញជា ៥ពូល ដើម្បីធ្វើការប្រកួតជម្រុះ ខណៈក្រុមកំពូលតារាងទាំង ៥ពូល នឹងត្រូវមានសិទ្ធិឡើងទៅជុំចុងក្រោយ ដែលមានបេក្ខភាព ៧ក្រុមទៀត កំពុងឈរចាំសម្រាប់។

តាមរយៈនេះ ក្រុមជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៤/២៥ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានក្លាយជាក្រុមបាល់ទាត់នារីកម្ពុជាដំបូង ដែលទទួលបានកៅអីចូលរួមការប្រកួតបាល់ទាត់នារីជើងឯកទ្វីបអាស៊ី AFC Women's Champions League (AWCL) ឆ្នាំ២០២៥/២៦ ៕