(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ ស៊ុំទ្វារ និងព្រំដំបូលសង់ពីថ្មភក់។ បច្ចុប្បន្នខឿន ជញ្ជាំង និងដំបូលនៃមណ្ឌបស្ថិតនៅខាងមុខប្រាង្គកណ្តាលទទួលរងការខូចខាតធ្ងន់ធ្ងរ។

ដំណើរការជួសជុលមណ្ឌបនេះ ឱ្យរឹងមាំឡើងវិញ ក្រុមការងារធ្វើសម្រង់ប្លង់ និងកំណាយបកកំណកដីចាក់បង្គលើផ្ទៃខឿន និងផ្នែកខាងក្នុង កកើតពីការពុកផុយរបស់រចនាសម្ពន្ធឥដ្ឋ និងសត្វល្អិត ដោយរកឃើញបំណែកវត្ថុសិល្បៈមួយចំនួនដូចជា បំណែកផ្តែរ សសរពេជ្រ ព្រំដំបូល និងប្រមូលឥដ្ឋដែលមានគុណភាពសម្រាប់ប្រើប្រាស់ឡើងវិញ។

លោក ចាន់ណូរ៉ា បន្ថែមថា ការជួសជុល ក្រុមអ្នកជំនាញបានប្រើបច្ចេកទេសអាណាឡូជី (Analogy) ចម្លងផ្នែកនៅសេសសល់ធ្វើជាគំរូ ដើម្បីជួសជុលផ្នែកដែលខូចខាត ឬបាត់បង់ ដើម្បីពង្រឹង និងសោភ័ណភាពប្រាសាទ។ កាលពីឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គខាងត្បូងនៃប្រាសាទត្រពាំងខ្យង ក្នុងដំណាក់កាលទី១ ដោយទទួលបានជោគជ័យ។

ប្រាសាទត្រពាំងខ្យង ស្ថិតនៅភូមិស្នាសង្គ្រាម សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី១០ នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៥ ដោយព្រះរាជគ្រូនាម យជ្ញវរាហ ក្នុងចំណោមប្រាសាទចំនួន២ផ្សេងទៀតមាន ប្រាសាទបន្ទាយស្រី និងប្រាសាទសេកតាទុយ។

បច្ចុប្បន្នប្រាសាទត្រពាំងខ្យង រងការខូចខាតជាច្រើនផ្នែក បណ្តាលមកពីកង្វះការថែទាំយូរអង្វែង រុក្ខជាតិដុះជ្រៀតចូលរចនាសម្ពន្ធ កត្តាអាយុកាល និងមនុស្សជាដើម៕