(បរទេស)៖ កីឡាករបាល់ទាត់ Diogo Jota វ័យ ២៨ឆ្នាំ ដែលកំពុងប្រកបអាជីពក្នុងក្លិបហង្សក្រហម Liverpool បានទទួលមរណភាពហើយនៅថ្ងៃទី០៣ ខែកក្កដានេះ ជាមួយនឹងប្អូនប្រុសវ័យ ២៥ឆ្នាំ Andre Silva ក៏បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ នាតំបន់ Zamora ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Marca។
មន្ត្រីប៉ូលីសអេស្ប៉ាញ បានឱ្យដឹងថា មិនទាន់អាចបញ្ជាក់ជាផ្លូវការអំពីឈ្មោះអ្នកស្លាប់នោះទេ ប៉ុន្តែគ្រប់យ៉ាងបង្ហាញថានោះជា Jota និងប្អូនប្រុស ខណៈមន្ត្រីប៉ូលីសបាននិយាយថា Jota បានជិះរថយន្តទំនើប Lamborghini ។
ហេតុការណ៍ដ៏រន្ធត់នេះ គឺបានកើតឡើង ក្រោយពេលខ្សែមប្រើរូបនេះទើបតែរៀបអាពាហ៍ពិពាហ៍បាន ២សប្តាហ៍ប៉ុណ្ណោះនៅប្រទេសព័រទុយហ្គាល់ ដែលមានកូន ៣នាក់ក្នុងបន្ទុក ហើយក៏ទើបលើកពាន UEFA Nation League ជាលើកទី២ សម្រាប់រូបគេផងដែរ ។ នាមជាកីឡាករជម្រើសជាតិម្នាក់លេងបាន ៤៩ប្រកួត រកបាន ១៤គ្រាប់ក្នុងអាជីព ។
សូមជម្រាបផងថា Jota ជាកីឡាករបាល់ទាត់ឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានចូលមកកាន់ក្លិប Liverpool កាលឆ្នាំ២០២០ ពីក្លិបរួមលីគអង់គ្លេស Wolves ហើយក្នុងរយៈពេលលេងនៅ Anfield រកបានគ្រាប់ស៊ុតបញ្ចូលទី ៦៥គ្រាប់ ពីការលេងសរុប ១៨២ប្រកួត និងលើកបានពាន Premier League, FA Cup ៕