(វ៉ាស៊ីនតោន)៖ ម្ចាស់ផ្ទះសហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខដាក់គ្នាទល់នឹងក្រុមការពារតំណែងជើងឯកចាស់ មិចស៊ិក ដើម្បីប្រជែងពានប្រចាំតំបន់អាមេរិកខាងជើង Gold Cup 2025 នាថ្ងៃទី០៦ ខែកក្កដាចុងសប្តាហ៍នេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អាមេរិកដែលកំពុងធ្វើម្ចាស់ផ្ទះកម្មវិធី FIFA Club World Cup 2025 ផងនោះ បានឆ្លងចូលផ្តាច់ព្រ័ត្រ តាមរយៈយកឈ្នះគូប្រជែង Guatemala ដោយលទ្ធផល ២-១ ស្ថិតក្នុងរដ្ឋ St Louis នៅពេលខ្សែប្រយុទ្ធ Diego Luna ជ្រើសរើសចេញពីក្លិប Real Salt Lake ធ្វើបានសម្រេចទាំង ២គ្រាប់ត្រឹមរយៈពេល ១៥នាទី។
ពួកគេត្រូវប្រជែងជើងឯក ២ឆ្នាំម្តងនេះទល់នឹងប្រទេសក្បែរខាង ក្នុងនាមសហម្ចាស់ផ្ទះ World Cup 2026 បន្ទាប់ពីមិចស៊ិកក៏បានទម្លាក់ហុងឌុយរ៉ាស់ ១-០ ផងដែរពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃពុធ (ម៉ោងនៅអាមេរិក) ដែលជាការធ្វើបានដោយខ្សែប្រយុទ្ធមកពីក្លិប Fulham គឺ Raul Jimenez។
Gold Cup 2025 ជាពានថ្នាក់តំបន់ទី៣ សម្រាប់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino ក្នុងអាជីពគ្រូបង្វឹករបស់លោក ស្របពេលអាមេរិក ជាអតីតម្ចាស់ជើងឯក ៧សម័យមកដែរ គ្រាដែលមិចស៊ិក បានកំពុងព្យាយាមឈ្នះពាននេះជាលើកទី១០ របស់ពួកគេ៕