(បរទេស)៖ ក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ Borussia Dortmund បានប្រកាសពីការព្រមព្រៀងជាមួយក្រុមអង់គ្លេស Chelsea ក្នុងការទិញខ្សែបម្រើស្លាប Jamie Gittens ក្នុងតម្លៃប្រមាណ ៤៨.៥លានផោន បូកបន្ថែម ៣.៥លានផោនផ្សេងទៀតផងដែរថ្មីៗនេះ។

នេះមានន័យថា កីឡាករវ័យទើបតែ ២០ឆ្នាំ ដែលស្ថិតក្នុងឈុត U-21 អង់គ្លេសបច្ចុប្បន្ន បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ក្នុងរដូវកាលទិញ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោយការមកដល់របស់កីឡាករ Liam Delap, Joao Pedro, Dario Essugo និង Mamadou Sarr ដែលកំពុងចូលរួមជាមួយតោខៀវនៃកម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក។

ជាមួយគ្នានោះដែរ កីឡាករ Estevao Willian ក៏នឹងមកចូលរួមជាមួយក្រុមរបស់លោក Enzo Maresca ផងដែរ ក្រោយបញ្ចប់ Club World Cup ជាមួយ Palmeiras ដែលត្រៀមជួយក្រុមប្រេស៊ីលមួយនេះ លេងវគ្គ ៨ក្រុមទល់នឹង Chelsea នារាត្រីថ្ងៃសៅរ៍ស្អែកនេះដែរ។

Dortmund ដែលបានឈានដល់វគ្គ ៨ក្រុមដោយប៉ះ Real Madrid ផងនោះបានបញ្ជាក់ថា កិច្ចសន្យាចុងក្រោយមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ក៏ប៉ុន្តែ BBC Sport បានចេញផ្សាយថា Gittens បានព្រមព្រៀងចុះកិច្ចសន្យា ៧ឆ្នាំលេងនៅ Stamford Bridge កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥៕