(បរទេស)៖ ហង្សក្រហម Liverpool បានប្រកាសពីការដាក់លេខ២០ ដែលពាក់ដោយកីឡាករបាល់ទាត់ Diogo Jota ដើម្បីជាកិត្តិយស និងរំលឹកដល់វិញ្ញាណក្ខន្ធរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ ដែលទើបបាត់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
នេះជាលើកដំបូងផងដែរ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបអាជីពអង់គ្លេសមួយនេះ ដែលបានសម្រេចដាក់លេខចូលនិវត្តន៍ ក្រោយហង្សក្រហមមានអាយុកាល ១៣៣ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBN Times។
ទោះជាយ៉ាងណា ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំដែលបានឃ្លាតឆ្ងាយពីភរិយាដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ជាមួយនឹងចំណងដៃកូន ៣នាក់ផងនោះ ទើបតែបានជួយក្រុមបច្ចខែលព័រទុយហ្គាល់ ដណ្តើមបានជើងឯក UEFA Nations League 2025 ដែលរូបគេពាក់លេខ២១ នោះ មិនទាន់ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ប្រកាសយ៉ាងណានោះទេ នៅក្នុងសេចក្តីថ្លែងការណ៍ចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំរបស់ពួកគេ។
ទន្ទឹមគ្នានោះដែរ លោក Gianni Infantino ប្រធានសហព័ន្ធ FIFA ក៏បានប្រកាសពីការស្មឹងស្មាធ ១នាទីនៅគ្រប់ការប្រកួតក្នុង Club World Cup 2025 ដើម្បីជាការរំលឹកដល់វិញ្ញាណក្ខន្ធ Jota ស្របពេលសហព័ន្ធ UEFA ក៏បានរៀបចំកម្មវិធីស្ងៀមស្ងាត់ ១នាទីផងដែរ មុនពេលចាប់ផ្តើមការប្រកួតរវាង ស្រ្តីព័រទុយហ្គាល់ និងស្រ្តីអេស្ប៉ាញ នៅព្រឹត្តិការណ៍ Euro 2025 យប់មិញនេះដែរ៕