(បរទេស)៖ ខ្សែប្រយុទ្ធតោកំណាចអង់គ្លេស Tammy Abraham បានបំពេញការផ្ទេរទៅកាន់ក្លិប Besiktas របស់តួកគីជាផ្លូវការហើយ តាមរយៈផ្លាស់ចេញពី AS Roma នៃប្រទេសអ៉ីតាលី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លិប AC Milan សមាជិកលេងនៅ Serie A រដូវកាលមុន ជាទីដែល Abraham រកបាន ១០គ្រាប់ទៀតផង ស្របពេលក្លិបម្ចាស់កីឡដ្ឋាន San Siro មួយនេះបញ្ចប់នៅតំណែងលេខ៨ ក្នុងលីគ។

គួរបញ្ជាក់ផងថា ការផ្ទេរជាអចិន្រ្ទៃយ៍នេះដែរ គឺមានតម្លៃខ្លួនប្រមាណ ១៣លានអឺរ៉ូពីក្លិបរមាស ដើម្បីទៅចូលរួមក្រុមលេងនៅ Super Lig របស់តួកគី។

Tammy Abraham ដែលទើបស៊ុតបាន ៣គ្រាប់ពីការចូលលេង ១១ប្រកួតជាមួយអង់គ្លេស បានផ្តើមអាជីពបាល់ទាត់ក្នុងក្លិបតោខៀវ Chelsea និងត្រូវបញ្ជូនទៅលេងលក្ខណៈខ្ចីជើងនៅក្លិប Bristol City, Swansea City និង Aston Villa មុនពេលត្រូវបានលក់ចេញទៅឱ្យ Roma កាលឆ្នាំ២០២១ ក្នុងតម្លៃ ៣៤លានផោន។

Abraham បានរួមចំណែកជួយក្រុមរមាសឈ្នះជើងឯកពានលំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League 2022 ស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho៕