(បរទេស)៖ អ្នកចាត់ការក្រុម Chelsea លោក Enzo Maresca បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធ Pedro Neto មិនទាន់មានការសម្រេចចិត្តណាមួយនោះទេ ថាតើអាចមានជម្រើសលេងទល់ក្រុម Palmeiras ក្នុងវគ្គ ៨ក្រុមពានរង្វាន់ FIFA Club World Cup 2025 ក្រោយពេលមិត្តរួមសញ្ជាតិព័រទុយហ្គាល់ Diogo Jota បានទទួលមរណៈភាព នឹងកាន់ទុក្ខចំពោះការស្លាប់ដ៏សោកសៅចំពោះមិត្តដ៏ជិតស្និទ្ធរបស់រូបគេនេះ ។

ក្រុម Chelsea នឹងត្រូវប៉ះក្រុម Palmeiras ក្នុងវគ្គ ៨ក្រុមនាវេលាម៉ោង ៨:០០ព្រឹកនាថ្ងៃទី០៥ ខែកក្កដានេះ ខណៈករណី Jota អំឡុងពេលនេះ Neto បានរងផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង នឹងមិនចូលរួមហ្វឹកហាត់ជាមួយក្រុមនោះ ប៉ុន្តែរូបគេក៏មិនបានចេញទៅណាពីក្រុមដែលស្ថិតក្នុងទីក្រុង Philadelphia ។

សូមជម្រាបផងថា ខ្សែបម្រើ Diago Jota សមាជិករបស់ក្រុម Liverpool និងប្អូនប្រុសរបស់គាត់បានទទួលមរណៈភាព នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលរថយន្តទំនើប Lamborghini របស់ពួកគេបានបើកធ្លាក់ចេញពីផ្លូវហើយបានផ្ទុះឆេះ នៅតំបន់ Zamora ។

លោក Maresca បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ខណៈនេះវាជាពេលវេលាដ៏លំបាកមួយ អ្នកមានអារម្មណ៍ថាអស់សង្ឃឹម Pedro កាន់តែសោកសៅ ហើយយើងទាំងអស់គ្នានៅទីនេះ ដើម្បីគាំទ្រគាត់ រូបគេនឹងត្រូវធ្វើការសម្រេចចិត្តណាមួយ ថាតើត្រូវលេងឬអត់ ហើយយើងនឹងគាំទ្រគាត់»