(បរទេស)៖ ក្រុម Al-Hilal មកពីលីគ Saudi-Pro League នឹងត្រូវតតាំងជាមួយ Fluminense សម្រាប់ថ្ងៃបើកឆាកវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ដែលមានប្រាក់រង្វាន់ប្រមាណ ១៥.៣លានផោនផងដែរ ចំពោះក្រុមឈ្នះ។
នៅចាំបានថា Al-Hilal ជាក្រុមលេខ២ បន្ទាប់ពីក្រោយ Real Madrid ដែលលេង ៣ប្រកួតប្រចាំពូល H ចុងក្រោយគេមិនចាញ់ឡើយ ពោលគឺឈ្នះ២ និងស្មើ១។ ពួកគេបានទម្លាក់ក្រុមខ្លាំងនៅអឺរ៉ុប Manchester City ក៏គួរឱ្យភ្ញាក់ផ្អើលទៀតផងពីក្នុងវគ្គ ១៦ក្រុម។
ចំណែកឯគូប្រជែង Fluminense នាម៉ោង ២យប់រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក៏មិនធម្មតាដែរ ពោលគឺលេងមិនទាន់ចាញ់ដូចគ្នា ក្នុងចំណោម ៤ប្រកួតមកនេះ និងក្នុងនាមជាក្រុមលេខ២ ចេញពីពូល F បន្ទាប់ពី Borussia Dortmund។ ពួកគេបានឆ្លងផុតវគ្គ ១៦ក្រុមតាមរយៈយកឈ្នះ Inter Milan អតីតជើងឯករង UEFA Champions League រដូវកាលមុន។
ជំនួបរវាងក្រុមរបស់អារ៉ាប៊ីសាអូឌីត និងប្រេស៊ីលខាងលើនេះ នឹងធ្វើឡើងនៅទីក្រុង Orlando ស្ថិតក្នុងរដ្ឋ Florida ដើម្បីស្វែងរកក្រុមឈ្នះឡើងឈរចាំមុនវគ្គ ៤ក្រុមដែលត្រូវប៉ះរវាងក្រុមឈ្នះ Chelsea ឬក៏ Palmeiras នៃវគ្គចាញ់-ធ្លាក់ជាបន្តទៀត៕