(ជប៉ុន)៖ ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​​ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រ កម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បាន​ដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូរអរកូដ ស្តីពី ​កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដរវាងកម្ពុជា (KHQR) និង ជប៉ុន (JPQR) សម្រាប់ដំណាក់កាលទី១៖ កម្ពុជាស្កេនជប៉ុន តាមរយៈអេស៊ីលីដាស៊ូភើអេប​  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក EzawaMasana Deputy Director-General, Commerce and Service Industry Policy Group, METI.។ ពិធីដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូរអរកូដនេះ បានរៀបចំឡើង នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា «បន្ទាប់ពីភាពជោគជ័យនៃការដាក់ឱ្យដំណើរការទូទាត់ QR ឆ្លងដែនរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសថៃ វៀតណាម និងឡាវ ធនាគារអេស៊ីលីដា បានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឃ្យូរអរឆ្លងដែននៅប្រទេសជប៉ុន ហើយនាពេលខាងមុខ ធនាគារអេស៊ីលីដា គ្រោងនឹងបន្តពង្រីកវិសាលភាពនៃការទូទាត់ឃ្យូរអរឆ្លងដែនបន្ថែមទៀត ជាមួយប្រទេសសិង្ហបុរី ឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយជាក្រៃលែង ដែលធនាគារជាតិនៃកម្ពុជា បានជ្រើសយកធនាគារ អេស៊ីលីដា ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់ និងទូទាត់ឆ្លងដែនជាមួយប្រទេសជប៉ុន ដោយសេវាទូទាត់ឃ្យូអរកូដឆ្លងដែន រវាងកម្ពុជា-ជប៉ុន ត្រូវបានផ្តួចផ្តើមគំនិតដោយធនាគារជាតិ នៃ កម្ពុជា (NBC) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) ដោយមានសមាសភាពក្រុមហ៊ុនចូលរួមអនុវត្តគម្រោងសេវានេះ រួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានតួនាទីជាធនាគារទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើ  សមាហរណកម្មប្រព័ន្ធបាគងឆ្លងដែន និងផ្តល់សេវាទូទាត់ ដោះស្រាយវិវាទ និងគាំទ្របច្ចេកទេស។ ក្រុមហ៊ុនNetstars Co., Ltd. មានតួនាទីផ្តល់បច្ចេកវិទ្យា និងបណ្តាញទូទាត់អន្តរជាតិដោយធានានូវការ តភ្ជាប់ប្រព័ន្ធប្រកបដោយស្ថិរភាព និងគាំទ្រដល់កិច្ចការដោះស្រាយវិវាទ។ ធនាគារ Sumitomo Mitsui Banking Corporation (SMBC) មានតួនាទីជាធនាគារទូទាត់ សម្រាប់ដំណើរការ ប្រតិបត្តិការនៅក្នុងប្រទេសជប៉ុន»។ 

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដរវាងកម្ពុជា (KHQR) និង ជប៉ុន (JPQR) នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្តេន KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជាបាន។ ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែទូលំទូលាយបង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងចំណេញពេលវេលា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។ឮ

ទន្ទឹមនឹងនេះ ម្ចាស់សហគ្រាសក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសកម្ពុជា ឬJPQR ក្នុងប្រទេសជប៉ុន នឹងទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។ បន្ថែមពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។  ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

លោកបណ្ឌិតបានបន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធនាគារអេស៊ីលីដា នឹងសហការជាមួយសមាគមទូទាត់ជប៉ុនយ៉ាងជិតស្និទ្ធក្នុងការអនុវត្តការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដរវាង KHQR និង JPQR ឱ្យបានជោគជ័យតាមរយៈប្រព័ន្ធបាគង។ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដសម្រាប់ដំណាក់កាលទី១ បានដាក់ឱ្យដំណើរការចាប់ពី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងអូសាកា ប្រទេសជប៉ុន៕