(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបំពេញកូតាកីឡាករបរទេស ៦រូប សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២៥/២៦ រួចហើយ ក្រោយក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា បាននាំចូលខ្សែប្រយុទ្ធអន្ដរជាតិ ២រូបន្ថែមទៀត។
កីឡាករចំណូលថ្មី ដែលក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង ទើបបង្ហាញខាងលើ រួមមានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Patrick Robson de Souza Monteiro បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ និងធ្លាប់ប្រកបអាជីពបាល់ទាត់ជាមួយក្លិបប្រេស៊ីល Friburguense ឆ្នាំ២០១៩ មុនផ្ទេរទៅក្លិបអូទ្រីស SV Horn និង Admira Wacker និងខ្ចីជើងទៅក្លិបអាស៊ែបៃហ្សង់ Gabala SC ឆ្នាំ២០២២ រួចផ្ទេរទៅអាល់បានីលេងឲ្យក្លិប KF Tirana មុនបន្ដលេងឲ្យក្លិបអេមីរ៉ាត់អារ៉ាប់រួម Hatta Club កាលពីឆ្នាំ២០២៤ កន្លងទៅ។
រីឯម្នាក់ទៀត គឺខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Peprah Kwame ដែលធ្លាប់ជាសមាជិកក្រុមជម្រើសជាតិ U23 ហ្គាណា ។ កីឡាករវ័យ ២៤ឆ្នាំ ធ្លាប់លេងឲ្យក្លិប Kerala Blasters ក្នុងលីគកំពូលឥណ្ឌា, ក្លិប Hapoel Hadera FF របស់ប្រទេសអ៊ីស្រាអែល ក៏ដូចជាក្លិបនៅអាហ្វ្រិកខាងត្បូង និងហ្កាណាជាដើម មុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង នៃលីគកំពូលកម្ពុជាពេលនេះ។
មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេស ៦រូបហើយ ដែលក្លិបបានបង្ហាញសម្រាប់ត្រៀមរដូវកាលថ្មី គ្រាដែល ៤រូបទៀត សុទ្ធតែជាកីឡាករចាស់ ដែលក្លិបបានបន្ដកុងត្រា រួមមានខ្សែការពារជប៉ុន Odawara Takashi, ខ្សែប្រយុទ្ធប្រេស៊ីល Cristian Roque, ខ្សែបម្រើជប៉ុន Ryo Fujii និងខ្សែបម្រើ-ប្រយុទ្ធឡាវ Boungphachan Boungkong ដែលបន្ដខ្ចីជើងពីក្លិប Young Elephants របស់ឡាវ។
ក្រៅពីកីឡាករបរទេស ព្រះខ័នរាជស្វាយរៀង ក៏បាននាំចូលកីឡាករល្អៗមកពីបណ្ដាក្លិបក្នុងស្រុកជាច្រើនផងដែរ ដូចជាកីឡាករ សៀង ចន្ធា និង ចន្ថា ចន្ទាកា អតីតកីឡាករបឹងកេត, កីឡាករ សុផល ឌីម៉ង់ និង ចិន ណារក្ស អតីតកីឡាករអង្គរថាយហ្គឺរ ព្រមទាំងកីឡាករ សឿត បារាំង និង Yudia Ogawa ផ្ទេរមកពីក្លិបភ្នំពេញក្រោន ជាដើម៕