(ភ្នំពេញ)៖ ពិតជាទេវតាជួយសង្គ្រោះមែន! ទីបំផុតអ្នកស្រី សុភា បុត្រឈ័រ ដែលត្រូវបានគេស្គាល់ថា ជាសប្បុរសជនលេចធ្លោមួយរូបកំពុងរស់នៅប្រទេសអាល្លឺម៉ង់ បានធានាជួយឱ្យលោក ទ្រី ស៊ីថេង បានរស់ជួបជុំជាមួយនឹងដំរីកម្សត់ Lucky ជារៀងរាល់ថ្ងៃ បានមើលថែរក្សាដូចដើមឡើងវិញ និងសម្រេចផ្ដល់នូវប្រាក់ខែដូចដើម។ នេះជាដំណឹងគួរឱ្យរំភើបសប្បាយរីករាយជាពិសេសសម្រាប់សាមីខ្លួន គឺលោក ទ្រី ស៊ីថេង ក៏ដូចជាមហាជនដែលចង់ឃើញការជួបគ្នាវិញរវាងហ្មរដំរីរូបនេះ និងកូនដំរី Lucky។ បន្ទាប់ពីបានឃើញរឿងរ៉ាវដ៏សង្វេគនៃការបែកគ្នា រវាងបុរសខាងលើជាមួយនឹងដំរីដ៏កម្សត់ ធ្វើឱ្យមនុស្សជាច្រើនមិនអាចទប់ចិត្តមិនអាណិតបាននោះ អ្នកស្រី សុភា បុត្រឈ័រ ដែលត្រូវបានគេស្គាល់ថា ជាសប្បុរសជនលំដាប់អន្តរជាតិមានឈាមជ័រជាខ្មែរ និងមានប្រភពចេញពីខេត្តកំពង់ធំ ក៏មានសន្ដានចិត្តអាណិតអាសូរដូចគ្នាដែរ ហើយចង់ឃើញពីការជួបជុំគ្នាឡើងវិញ។
ដោយមើលឃើញមនោសញ្ចេតនាជ្រាលជ្រៅ ព្រមទាំងបញ្ហាជីវភាពផងនោះ លោកស្រី សុភា បុត្រឈ័រ និងស្វាមី បានសម្រេចចិត្តផ្ដល់ជូននូវប្រាក់ខែរៀងរាល់ខែដូចទីនឹងពេលធ្វើការជាបុគ្គលិករបស់អង្គការដូច្នេះដែរ។ ដូច្នេះលោកមានប្រាកលចំណូលទៀងទាត់រៀងរាល់ខែសម្រាប់ទ្រទ្រង់ជីវភាព ហើយលោកមានឱកាសបានមើលថៃដំរី Lucky ជារៀងរាល់ថ្ងៃសមតាមបំណងហើយ។ លោក ទ្រី ស៊ីថេង បានគួសបញ្ជក់ដោយភាពរីករាយថា លោកបានទទួលការហៅទូរសព្ទពីក្រុមការងាររបស់អ្នកស្រី សុភា បុត្រឈ័រ រួចហើយ ដោយខាងលោកស្រីបានសម្រេចផ្ដល់នូវប្រាក់ខែដូចដើម។ ប៉ុន្តែនៅមានរឿងមួយដែលលោកត្រូវដោះស្រាយនោះ គឺត្រូវជម្រាបទៅក្រសួងកសិកម្មជាមុនសិន។
លោកស្រី សុភា បុត្រឈ័រ មានដំណើរជីវិតដ៏អស្ចារ្យ ដែលបានប្រើប្រាស់ភាពឈឺចាប់កាលពីកុមារភាព និងរឿងរ៉ាវលំបាកជាច្រើនក្នុងអតីតកាល ទៅជាស្មារតីនៃការតស៊ូរហូតក្លាយជាបុគ្គលមួយរូប ដែលទទួលបានជោគជ័យក្នុងជីវិត ជាដោយបានសាបព្រួសនូវអំពើសប្បុរស មកកាន់ប្រទេសកម្ពុជាជាទឹកដីកំណើត ក៏ដូចជាជាមនុស្សម្នាជាច្រើននៅលើពិភពលោក។ លោកស្រីនិយាយថា «បំណងមួយតាំងពីនៅក្មេង…ខ្ញុំតែងតែសន្យាចិត្តថា បើថ្ងៃណាមួយអាចក្លាយជាមានទ្រព្យសម្បត្តិជាច្រើន ខ្ញុំចង់ជួយមនុស្សក្រីក្រ កុមារ និងអ្នកគ្មានផ្ទះសម្បែងឱ្យបានច្រើន។ នេះជាក្តីប្រាថ្នាដែលខ្ញុំបានរក្សាទុកក្នុងបេះដូងរហូតមក»។ នេះជាដំណើរជីវិតដ៏អស្ចារ្យរបស់ស្ត្រីម្នាក់ ដែលបានប្រើប្រាស់ភាពឈឺចាប់កាលពីកុមារភាព និងរឿងរ៉ាវលំបាកជាច្រើនក្នុងអតីតកាល ទៅជាស្មារតីនៃការតស៊ូរហូតក្លាយជាបុគ្គលមួយរូប ដែលទទួលបានជោគជ័យក្នុងជីវិត ជាដោយបានសាបព្រួសនូវអំពើសប្បុរសមកកាន់ប្រទេសកម្ពុជាជាទឹកដីកំណើត ក៏ដូចជាជាមនុស្សម្នាជាច្រើននៅលើពិភពលោកផងដែរ។
សូមបញ្ជាក់ថា លោកស្រី សុភា បុត្រឈ័រ ( Sophea Bottcher) កើតនៅឆ្នាំ១៩៧៩ ក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា។ ពេលនោះ ប្រទេសទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំឲ្យជីវិតមនុស្សរាប់លាននាក់រងគ្រោះ ក្នុងនោះក៏មានក្រុមគ្រួសាររបស់អ្នកស្រីផងដែរ។ ក្នុងបរិយាកាសដ៏ស្ទើរតែមិនអាចរស់នៅបាននោះ លោកស្រីបានធំឡើងដោយទទួលបានការចិញ្ចឹមបីបាច់ថែរក្សាពីជីដូនជីតា ដែលពោរពេញដោយក្តីស្រឡាញ់ ដ្បិតថាជីវភាពក្រីក្រលំបាក និងមិនបានទទួលទទួលភាពកក់ក្ដៅពីឪពុកម្ដាយ ដោយផ្ទាល់យ៉ាងណាក៏ដោយ។
ជីវិតក្មេងស្រីម្នាក់នៅជិតព្រៃភ្នំ ពោរពេញដោយធម្មជាតិ និងសព្វសត្វនានា។ តែការរស់នៅពោរពេញដោយការតស៊ូ រែកទឹកក្រោមថ្ងៃក្ដៅ ពុះអុស ប្រមូលសំណល់អាវុធ ដើម្បីលក់រកចំណូលជួយគ្រួសារ ព្រមទាំងខិតខំបំពេញការតព្វកិច្ចជាចៅស្រីដ៏ល្អម្នាក់ សម្រាប់ជីដូនជីតារបស់លោកស្រី។ ដ្បិតតែជីវិតជួបការលំបាក ឆ្ងាយសាលារៀនយ៉ាងណាក៏ដោយ ប៉ុន្តែ សុភា តែងខិតខំតស៊ូរៀនសូត្រដូចទៅនឹងកូនចៅអ្នកភូមិដទៃ និងជាសិស្សពូកែប្រចាំសាលា។ នៅពេលបញ្ចប់ថ្នាក់វិទ្យាល័យលោកស្រីបានបន្តមកសិក្សានៅភ្នំពេញ និងបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកគណនេយ្យ និងកុំព្យូទ័រ។
សុភា បានចាប់ផ្តើមការងារតូចៗដូចជា រោងចក្រ និងបុគ្គលិកតាមហាងលក់ទំនិញ រហូតបានបានបំពេញការងារផ្នែកសេវាកម្មនៅសណ្ឋាគារ Raffles Hotel Le Royal។ នៅទីនោះលោកស្រីទទួលបានពាន «បុគ្គលិកឆ្នើមប្រចាំឆ្នាំ» ជាច្រើនឆ្នាំដោយសារកិច្ចខិតខំប្រឹងប្រែង។ ដ្បិតតែមានការងារសមរម្យប្រាក់ខែ អាចចិញ្ចឹមជីវិតបានប្រសើរបន្តិចក៏ពិតមែន តែស្ត្រីរូបនេះនៅតែបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ព្រមទាំងកសាងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានដទៃ។
ជាដំណាក់កាលនៃជីវិតថ្មីមួយ លោកស្រីបានធ្វើការជាជំនួយការផ្ទាល់ (Personalassistent) របស់វេជ្ជបណ្ឌិតល្បីឈ្មោះ Dr. Beat Richner នៅមន្ទីរពេទ្យគុន្ធបុប្ផា។ បទពិសោធន៍នោះកាន់តែធ្វើឱ្យលោកស្រីឃើញថា សប្បុរធម៌អាចផ្លាស់ប្តូរជីវិតមនុស្សបានពិតប្រាកដ។ ក្នុងដំណើរវែងឆ្ងាយជាមួយលោក Dr Beat Richner បានធ្វើឱ្យលោកស្រីកាន់តែមានជំនក់ចិត្តជាមួយនឹងអំពើសប្បុរសធម៌។ សេចក្ដីស្រមៃបានក្លាយជាការពិត ចំពោះចិត្តសប្បុរស ឧស្សាហ៍ព្យាយាម និងសេចក្តីស្រលាញ់បរិសុទ្ធ បុរសជាអ្នកជោគជ័យម្នាក់បានលោកស្រី។ លោកគឺជាមហាសេដ្ឋីអាល្លឺម៉ង់ ដែលមានបុគ្គលិកជិត ១០០០នាក់ និងឈ្នះពានរង្វាន់ «អ្នកលក់អនឡាញល្អបំផុត ២០២៣/២០២៤» នៅអឺរ៉ុប។ លោកបានស្រឡាញ់លោកស្រីមិនមែនត្រឹមតែសម្រស់ ឬអតីតកាលទេ ប៉ុន្តែស្រឡាញ់ដោយចិត្តបរិសុទ្ធ និងភាពស្មោះត្រង់របស់លោកស្រី។
បច្ចុប្បន្ននេះ លោកស្រី និងស្វាមីបានបរិច្ចាគប្រាក់ចំនួន ១២លានអឺរ៉ូ ទៅដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងប្រទេសផ្សេងៗ។ ពួកគេបានជួយកុមារកំព្រាចំនួនជាង ២០០នាក់ តាមរយៈមជ្ឈមណ្ឌលមែកឈើរបស់លោក ផន ផល្លា ជួយអ្នកមានពិការភាព ជនចាស់ជរា អ្នកគ្មានផ្ទះសម្បែង សូម្បីតែសត្វដែលត្រូវការជំនួយ។ ពួកគេក៏បានសាងសង់ផ្ទះ និងផ្តល់អាហារ ការអប់រំ និងសុវត្ថិភាពដល់មនុស្សក្នុងតំបន់ដែលរងនូវការឈឺចាប់ ជាពិសេសដោយសារសង្គ្រាមជាច្រើន។ «ការធ្វើសប្បុរធម៌សម្រាប់ខ្ញុំ មិនមែនជាកាតព្វកិច្ចទេ តែវាជាស្មារតី ដែលនាំមកពីបេះដូង»។ លោកស្រី សុភា បុត្រឈ័រ បានបញ្ជាក់បន្ថែម។
លោកស្រី សុភា បុត្រឈ័រ ជាស្ត្រីកម្ពុជាដែលបង្ហាញនូវគំរូនៃភាពសាមញ្ញ ភាពសប្បុរស និងការរស់នៅដើម្បីជួយអ្នកដទៃ។ លោកស្រីមិនត្រឹមជាឧត្តមភរិយារបស់មហាសេដ្ឋីទេ ប៉ុន្តែជាម្តាយនៃសេចក្ដីសង្ឃឹមសម្រាប់មនុស្សជាច្រើនជុំវិញលោក៕