(បរទេស)៖ លោក Daniel Gross ត្រូវបានប្រភពឱ្យដឹងថាទៅចូលរួមជាមួយក្រុមហ៊ុន Meta Platforms ដើម្បីដឹកនាំផ្នែកផលិតផល AI។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Meta កំពុងតែប្រឹងប្រែងប្រកួតប្រជែងយកជោគជ័យលើសមរភូមិ AI ដោយប្រើវិធីជួលអ្នកមានសមត្ថភាពខ្ពស់ជាមួយប្រាក់ខែជាច្រើនលានដុល្លារមកធ្វើការ។ បន្ទាប់ពី លោក Daniel Gross បោះបង់ចោលតំណែង អ្នកដែលឡើងមកកាន់ការងារជំនួសគាត់ គឺមនុស្សមានសមត្ថភាពខ្លាំងមួយរូបទៀតនោះគឺ លោក llya Sutskever នឹងដឹកនាំ «Safe Superintelligence» បន្ត។

តាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ថា Meta ក៏បានព្យាយាមទាក់ទាញលោក Ilya Sutskever ផងដែរ និងព្យាយាមទិញក្រុមហ៊ុន «Safe Superintelligence» ឬហៅកាត់ថា SSI ដែលមានតម្លៃប្រហែល ៣២ លានលានដុល្លារ។ នៅក្នុងការបញ្ចេញសារមួយលើបណ្តាញ X (Twitter) លោក Sutskever បានឆ្លើយតបថា «អ្នកប្រហែលជាបានឮអំពីពាក្យចចាមអារម្មណ៍ថា មានក្រុមហ៊ុនមួយចង់ទិញយើង។ យើងមានការភ្ញាក់ផ្អើលសម្រាប់ដំណឹងនេះ​ ប៉ុន្តែយើងនៅតែមើលទៅមុខដើម្បីបញ្ចប់ការងាររបស់យើង»។ SSI បានទទួលទុនចំនួន ១លានលានដុល្លារកាលពីឆ្នាំមុន ដើម្បីបង្កើតប្រព័ន្ធ AI ដែលអាចលើសសមត្ថភាពមនុស្ស ដោយផ្តោតលើសុវត្ថិភាពជាចម្បង។ លោក Sutskever ជាអតីតប្រធានវិទ្យាសាស្ត្រនៃ OpenAI ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន ChatGPT ផងដែរ។ លោកបានចាកចេញពី OpenAI បន្ទាប់ពីពាក់ព័ន្ធក្នុងករណីធ្វើការបណ្ដេញចេញ និងជំនួសមកវិញដោយលោក Sam Altman កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ក៏បានបង្កើតនាយកដ្ឋានថ្មីមួយដែលមានឈ្មោះ «Meta Superintelligence Labs» ដើម្បីបញ្ចូលការប្រមូលផ្តុំបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន ក្រោយពេលមានការរអាក់រអួលលើម៉ូដែល Llama 4 និងបាត់បង់បុគ្គលិកសំខាន់ៗ។ នាយកដ្ឋានថ្មីនេះនឹងដឹកនាំដោយអតីតប្រធាន Scale AI លោក Alexandr Wang និងអតីត CEO នៃ GitHub លោក Nat Friedman។ បន្ទាប់ពី Meta បានវិនិយោគ ១៤.៣ លានលានដុល្លារ ក្នុង Scale AI ហើយពង្រីកការជ្រើសរើសអ្នកមានទេពកោសល្យ AI យ៉ាងច្រើន៕