(ម៉ាឡេស៉ី)៖ ថ្មីៗនេះ ក្រុមហ៊ុនសន្តិសុខសាយប័ររបស់ចិន Qi An Xin បានធ្វើការបង្ហាញអំពីក្រុមវាយប្រហារតាមអ៊ីនធឺណិតកម្រិតខ្ពស់ (APT) ថ្មីមួយ ហៅថា «NightEagle» (កូដ: APT-Q-95) នៅឯពិព័រណ៍សន្តិសុខសាយប័រអន្តរជាតិ «CYDES 2025» នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។
Qi An Xin អះអាងថា ក្រុមថ្មីនេះ ត្រូវបានរកឃើញនៅដើមឆ្នាំ ២០២៤ អំឡុងពេលប្រតិបត្តិការការពារបណ្តាញ បានផ្តោតជាចម្បងទៅលើការងារសំខាន់ៗ នៅទូទាំងបណ្ដាញរដ្ឋាភិបាល សហគ្រាស យោធា មជ្ឈមណ្ឌលថែទាំសុខភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន។ ការវាយប្រហារតាមអ៊ីនធឺណិតរបស់ពួកគេ ត្រូវបានធ្វើឡើងប្រកបដោយនិរន្តរភាព អាថ៌កំបាំង និងសមត្ថភាពបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។
យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Qi An Xin លោក Gu Liang បានឱ្យដឹងថា ក្រុម NightEagle APT ប្រើប្រាស់កម្មវិធីសូហ្វវែលវាយប្រហារកម្រិតខ្ពស់បំផុត និងបំផ្លិចបំផ្លាញ ដ៏ទំនើប ដើម្បីបន្តស្វែងរកចំណុចចន្លោះប្រហោង នៅក្នុងប្រព័ន្ធបណ្តាញជាតិ និងតំបន់ បណ្តាលឱ្យមានការខូចខាត មិនអាចជួសជុលបាន។
ក្ដីកង្វល់ចម្បង គឺរចនាសម្ព័ន្ធរៀបចំយ៉ាងរឹងមាំរបស់ក្រុម NightEagle APT ដែលបង្ហាញការគាំទ្រពីអង្គភាពជាតិ រដ្ឋាភិបាល ឬក្រុមហិរញ្ញវត្ថុដ៏មានឥទ្ធិពល ដែលអាចឱ្យពួកគេសម្រេចបាននូវគោលបំណងច្បាស់លាស់។ ពួកគេត្រូវបានស្គាល់ជាក្រុមជ្រៀត ទៅក្នុងប្រព័ន្ធគោលដៅរយៈពេលវែង ជាមួយសមត្ថភាពត្រួតពិនិត្យដោយស្ងៀមស្ងាត់ លួចទិន្នន័យព័ត៌មានរសើបៗ និងអនុវត្តសកម្មភាពបំផ្លិចបំផ្លាញផ្សេងទៀត។
នៅឯការតាំងពិព័រណ៍នោះ ក្រុមហ៊ុន Qi An Xin បានគូសបញ្ជាក់ជាពិសេសអំពីការវាយប្រហារលើចំណុចខ្សោយ នៃប្រព័ន្ធ Microsoft Exchange ដែលមានហានិភ័យខ្ពស់ នូវលទ្ធភាពឈ្លានពាន ដោយបញ្ជាក់ថា ពួកគេបានចាប់យកដំណើរការទាំងមូលនៃអ្នកវាយប្រហារ ដែលប្រើប្រាស់ចំណុចខ្សោយទាំងនេះ សម្រាប់ការប្រតិបត្តិកូដពីចម្ងាយ។ នេះធ្វើឱ្យ NightEagle ក្លាយជាក្រុម APT ដ៏គ្រោះថ្នាក់បំផុត និងសកម្មបំផុតនាពេលបច្ចុប្បន្ន ដោយទាមទារឱ្យមានការប្រុងប្រយ័ត្នជាសកល និងយុទ្ធសាស្ត្រការពារដ៏រឹងមាំ៕