(ភ្នំពេញ)៖ ធនាគារ វីង បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំមួយ ជាមួយគ្រឹះស្ថានអប់រំឈានមុខគេចំនួន ៦នៅកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីជួយដល់យុវជនឱ្យត្រៀមនូវលក្ខណៈសម្បត្តិ សម្រាប់ការចាប់យកអាជីពការងាររបស់ពួកគេនាពេលអនាគត។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនៅឯអគារធនាគារ វីង ថៅវើ ដោយមានការចូលរួមពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា, សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា, វិទ្យាស្ថានសាន់រ៉ាយស៍ និងសាលាអាឌីទី។ កិច្ចសហការនេះនឹងផ្តល់ជូននូវកម្មវិធីតម្រង់ទិសអាជីពការងារ ការចុះអនុវត្តការងារដោយផ្ទាល់ ក៏ដូចជាកម្មវិធីបណ្ដុះបណ្ដាលជំនាញចាំបាច់ផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនសមត្ថភាព និងទំនុកចិត្តរបស់សិស្សនិស្សិតឱ្យកាន់តែប្រសើរឡើង។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «យុវជន គឺជាអនាគត នៃសរសរទ្រូងរបស់ប្រទេសកម្ពុជា ហើយយើងខ្ញុំកំពុងខិតខំត្រួសត្រាយផ្លូវ ដើម្បីជួយឱ្យពួកគេទទួលបានជោគជ័យ ក្នុងអាជីពការងារ»។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានអប់រំទាំងនេះ ធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការភ្ជាប់គម្លាតរវាងការសិក្សាតាមទ្រឹស្តី និងការអនុវត្តការងារដោយផ្ទាល់។ គំនិតផ្តួចផ្តើមនេះ នឹងជួយឱ្យសិស្សនិស្សិតអាចផ្លាស់ប្តូរ ទៅកាន់ជីវិតអាជីពរបស់ពួកគេបានយ៉ាងប្រសើរ តាមរយៈការបំពាក់បំប៉ននូវចំណេះដឹងសំខាន់ៗ និងទំនុកចិត្តដើម្បីឱ្យពួកគេមានភាពស្ទាត់ជំនាញ ក្នុងការបំពេញអាជីពការងារ។

បណ្ឌិត Dmytro Kolechko បានបន្ថែមទៀតថា «តាមរយៈកិច្ចសហការនាពេលនេះ យើងមិនគ្រាន់តែជួយរៀបចំលក្ខណៈសម្បត្តិ ទៅដល់សិស្សនិស្សិតសម្រាប់ការចាប់យកអាជីពការងារប៉ុណ្ណោះទេ យើងក៏នឹងជួយឱ្យពួកគេកសាងទំនុកចិត្តដ៏រឹងមាំ និងប្រកបដោយសមត្ថភាព ដើម្បីក្លាយជាធនធានដឹកនាំដែលមានចក្ខុវិស័យធំធេង និងប្រកាន់ភ្ជាប់នូវសុចរិតភាព»

គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើភាពជោគជ័យដ៏ធំធេង នៃកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ដែលបានដាក់ឱ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះផ្តល់ជូនសិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ឱ្យទទួលបាននូវបទពិសោធន៍ការងារដ៏មានតម្លៃ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនាញការងារសំខាន់ៗទៀតផង។ ចាប់តាំងពីដាក់ឱ្យដំណើរការ កម្មវិធីនេះបានបណ្តុះបណ្តាលបេក្ខជនដោយជោគជ័យជាង ៦០នាក់ ហើយក្នុងនោះបេក្ខនារីមានចំនួន ២៥%។

ធនាគារ វីង មានការប្តេជ្ញាចិត្តក្នុងការពង្រីកវិសាលភាពកម្មវិធីនេះបន្ថែមទៀត នៅក្នុងឆ្នាំ២០២៥ ដើម្បីជួយដល់សិស្សនិស្សិតឱ្យបានកាន់តែច្រើនឡើង ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ ភាពជាដៃគូយុទ្ធសាស្ត្ររបស់ធនាគារ វីង ជាមួយគ្រឹះស្ថានអប់រំឈានមុខទាំងនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ធនាគារ វីង សំដៅលើកកម្ពស់សក្តានុពលយុវជនកម្ពុជា និងការកសាងធនធានអនាគតរបស់ប្រទេសជាតិឱ្យកាន់រឹងមាំ៕