(បរទេស)៖ នៅទីបំផុតខ្សែបម្រើកំពុងឡើងជើងខ្លាំង Nico Williams បានព្រមព្រៀងបន្តកិច្ចថ្មីជាមួយក្លិប Athletic Bilbao ដល់ឆ្នាំ២០៣៥ ឯណោះ បង្កការខកចិត្តខ្លាំងដល់ក្រុមរួមលីគ FC Barcelona ដែលចិញ្ចឹមចិត្តចង់បានរូបគេជាយូរមកហើយ។

មែនទែនទៅកិច្ចសន្យាចាស់របស់ Williams ជាមួយ Bilbao មានសុពលភាពដល់ឆ្នាំ២០២៧ មុនពេលកីឡាករវ័យទើបតែ ២២ឆ្នាំរូបនេះ សម្រេចបន្ថែមកិច្ចសន្យាថ្មីទៀតដល់ខែមិថុនា ឆ្នាំ២០៣៥។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ថ្មីៗនេះដែរ កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ ត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅចូលរួមជាមួយ Barcelona ដោយមានដៃគូប្រយុទ្ធ Lamine Yamal នៅទីនោះ ស្របពេលក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក៏មានទំនោរចង់បាន Williams ដូចគ្នា។

របាយការណ៍ពីក្លិបលេងនៅក្របខណ្ឌកំពូល La Liga គឺ Bilbao បានបង្ហើបពីតម្លៃទិញផ្តាច់កិច្ចសន្យា Williams មានត្រឹមតែ ៥៣លានផោនប៉ុណ្ណោះ ក៏ប៉ុន្តែនឹងឡើងថ្លៃ ៥០%ថែមទៀត ក្រោយពេលតកិច្ចសន្យាថ្មីរួចរាល់។

នៅចាំបានថា Williams គឺជាតួអង្គសំខាន់ ១រូបដែលបានរួមចំណែកជួយក្រុមជម្រើសជាតិគោជល់អេស្ប៉ាញដណ្តើមបានជើងឯកអឺរ៉ុប Euro 2024 ដែលរូបគេជាអ្នករកបានគ្រាប់បើកឆាក ក្នុងជ័យជម្នះ ២-១ ទៅលើតោកំណាចអង់គ្លេស នៃវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអាល្លឺម៉ង់នាអំឡុងខែកក្កដា៕