(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងថា រូបលោកមានគម្រោងរៀបចំព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រុង UFC នាឆ្នាំក្រោយ នៅពីមុខសេតវិមានផ្ទាល់តែម្តង ក្នុងថ្ងៃគម្រប់ខួបទី២៥០ឆ្នាំ នៃប្រទេសអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កន្លងមកប្រធានាធិបតីរូបនេះ ក៏បានចូលរួមក្នុងកម្មវិធី UFC ១លើកផងដែរ ក្នុងតួនាទីប្រធានាធិបតីសហរដ្ឋអាមេរិក។
ការថ្លែងក្នុងពិធីជួបជុំមួយនៅឯរដ្ឋ Iowa លោក Trump បានឱ្យដឹងថា ប្រធាន UFC គឺលោក Dana White នឹងរៀបចំប្រដាល់ដណ្តើមជើងឯក នៅពីមុខសេតវិមានតែម្តង ដែលអាចឱ្យមានអ្នកទស្សនាផ្ទាល់ចន្លោះពី ២-២៥,០០០នាក់ផងដែរ។
លោកថា «យើងរៀបចំប្រដាល់ UFC នៅទីធ្លាខាងមុខសេតវិមានផ្ទាល់តែម្តង ក៏ព្រោះតែពួកយើងមានទីធ្លាធំទូលាយនៅទីនេះដែលអាចរៀបចំបាន។ លោក Dana នឹងរៀបចំធ្វើកិច្ចការងារនេះ»។
ទោះជាយ៉ាងណាគិតមកទល់ពេលនេះផងដែរ ខាងស្ថាប័ន UFC នៅមិនទាន់បញ្ជាក់ផ្លូវការណាមួយនោះទេ ក៏ប៉ុន្តែលោក Dana បានធ្វើការចែករំលែកនូវសេចក្តីប្រកាសរបស់លោក Trump រួចរាល់ផងដែរនៅលើបណ្តាញសង្គម និងបានសរសេរយ៉ាងខ្លីថា «នេះគឺពិតជាវីរភាពខ្លាំងណាស់»។
មែនទែនទៅលោក Donald Trump និងលោក Dana White គឺជាមិត្តជិតស្និទ្ធនឹងគ្នា និងដើរជាតួអង្គសំខាន់ម្នាក់ផងដែរ ដែលបានជ្រោមជ្រែងលោក Trump ជាប់ឆ្នោតក្នុងអាណត្តិទី២ កាលឆ្នាំ២០២៤ ទៀតផង៕