(មេនឆេស្ទើ)៖ Marcus Rashford និង Alejadro Garnacho បានស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានជូនដំណឹងទៅក្លិប Manchester United អំពីគោលបំណងចង់ចាកចេញនារដូវកាលក្តៅនេះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្លិបរួមលីគ Aston Villa ដែលទើបចប់កិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធអង់គ្លេស Rashford នោះ មានជម្រើសទិញរូបគេដាច់ពីបិសាចក្រហម ក្នុងតម្លៃត្រឹមតែ ៤០លានផោនប៉ុណ្ណោះ។

ទន្ទឹមគ្នានោះមិត្តរួមក្រុមមានដូចជា Anthony, Jadon Sancho និង Tyrell Malacia ក៏បានកំពុងស្វែងក្លិបថ្មី ដើម្បីបន្តអាជីពបាល់ទាត់ដែរ នៅពេលដែល United បានបន្តពន្យារពេលសម្រាប់ពួកគេ ក្នុងការវិលត្រឡប់មកហ្វឹកហាត់រួមក្រុមវិញរហូតដល់ចុងខែកក្កដានេះ។

ពួកគេទាំងនោះត្រូវបានក្លិបបញ្ជាក់ថា រីករាយក្នុងការស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ Carrington ប្រសិនបើអនាគតរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយទេនោះ។

Rashford វ័យ ២៧ឆ្នាំ ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាជាមួយក្រុមរបស់លោក Ruben Amorim វិញនាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីលេងកំដៅសាច់ដុំទល់នឹង Leeds United នាថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Stockholm ប្រទេសស៊ុយអែត មុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីប្រកួតមិត្តនានាទល់នឹងក្រុមមកពី Premier League ដូចគ្នា៕