(បរទេស)៖ ប្រទេសចិនកំពុងអនុវត្តវិធានការចម្រុះគ្នា ដោយបន្តលើកកម្ពស់បច្ចេកវិទ្យាជំនួយការបើកបរជាមួយនឹងការត្រួតពិនិត្យសុវត្ថិភាពយ៉ាងម៉ឹងម៉ាត់។ បណ្តាក្រុមហ៊ុនផលិតរថយន្តចិនជាច្រើន ដូចជា BYD, Geely, Xiaomi និងក្រុមហ៊ុនជាប់ពាក់ពន្ធ័នឹង Huawei កំពុងប្រកួតប្រជែងក្នុងការដាក់ឱ្យប្រើប្រព័ន្ធជំនួយការបើកបរដល់ដំណាក់កាលទី២ និងទី៣ ដែលអាចជួយនៅពេលរថយន្តដំណើរការបង្វិលកង់ ឬកិនអ្វីមួយ និងអាចគ្រប់គ្រងល្បឿនក្រោមលក្ខខណ្ឌមួយចំនួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
បច្ចុប្បន្ននេះ មានរថយន្តចេញថ្មីជាង ៦០% នៅចិន ដែលមានបំពាក់ប្រព័ន្ធជំនួយបើកបរដល់ដំណាក់កាលទី២ ហើយរដ្ឋាភិបាលកំពុងចង់ជំរុញឱ្យប្រទេសនេះក្លាយជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា ដោយមិនប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។ ព្រោះបញ្ហាសុវត្ថិភាព គឺជារឿងចាំបាច់ត្រូវប្រុងប្រយ័ត្ន ដោយសារតែកាលពីខែមីនា មានគ្រោះថ្នាក់ស្លាប់មួយកើតឡើងពាក់ព័ន្ធនឹងរថយន្ត Xiaomi SU7 បន្ទាប់ពីប្រព័ន្ធជំនួយបើកបរត្រូវបានផ្ដាច់ស្វ័យប្រវត្តិរយៈពេលខ្លីមុនពេលបុក។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងធ្វើឲ្យមានការព្រួយបារម្ភអំពីការប្រើប្រាស់ប្រព័ន្ធមិនត្រឹមត្រូវ ដោយអ្នកបើកបរមួយចំនួនគិតថា ប្រព័ន្ធជំនួយបើកបរជា «ការបើកដោយខ្លួនឯង» ហើយបោះបង់ការគ្រប់គ្រង។
បន្ថែមពីនេះ ការផ្សព្វផ្សាយពីរថយន្តពោរពេញដោយពាក្យបំភាន់ដូចជា «បើកបរបែបឆ្លាត» ឬ «បើកដោយខ្លួនឯង» បណ្តាលឲ្យមានការភាន់ច្រឡំចំពោះអ្នកប្រើ។
ដូច្នេះហើយដើម្បីបង្កើនសុវត្ថភាពក្រុមហ៊ុនរថយន្តកំពុងតែបញ្ចូលស្តង់ដារថ្មីៗដូចជា៖
១៖ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) កំពុងរៀបចំស្តង់ដារច្បាស់លាស់សម្រាប់ប្រព័ន្ធជំនួយបើកបរ ជាពិសេសលើការត្រួតពិនិត្យអ្នកបើកបរ និងវិធីសាស្ត្របង្រ្កាបសម្រាប់ប្តូរពីប្រព័ន្ធទៅអ្នកបើក។
២៖ បង្រ្កាបការផ្សព្វផ្សាយបែបបំភាន់
• រដ្ឋាភិបាលបានហាមឃាត់ក្រុមហ៊ុនឱ្យប្រើពាក្យ «បើកបរឆ្លាតវៃ» ឬ «បើកដោយខ្លួនឯង» ក្នុងការផ្សព្វផ្សាយ។ ត្រូវប្រើពាក្យគ្មានការបំភាន់ដូចជា «ប្រព័ន្ធជំនួយបើកបរ» តែមួយគត់។
៣៖ គ្រប់គ្រងការអាប់ដេតកម្មវិធី និងការសាកល្បង
• ការអាប់ដេតកម្មវិធី (software update) ត្រូវតែទទួលបានការអនុម័តពីរដ្ឋ។ ការសាកល្បងជាសាធារណៈត្រូវបានហាម និងអនុញ្ញាតតែការសាកល្បងក្រោមការគ្រប់គ្រងប៉ុណ្ណោះ។
៤៖ គម្រោងសាកល្បងបើកបរដល់ដំណាក់កាលទី៣
• ក្រុមហ៊ុន Changan បានទទួលការអនុញ្ញាតឲ្យសាកល្បងប្រព័ន្ធបើកបរដល់ដំណាក់កាលទី៣ ប៉ុន្តែត្រូវបានផ្អាកបណ្តោះអាសន្នបន្ទាប់ពីគ្រោះថ្នាក់ Xiaomi។ ការសាកល្បងនឹងបន្តនៅពេលខាងមុខ ដោយគ្រោងនឹងចេញរថយន្តជាផ្លូវការក្នុងឆ្នាំ២០២៦៕