(បរទេស)៖ តោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល ១ទៀតគឺ Fluminense នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

Chelsea បានឆ្លងផុតវគ្គ ៨ក្រុមនៃពាន ៤ឆ្នាំម្តងនេះ តាមរយៈយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីលផងដែរ នាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) ដោយលទ្ធផលផ្លូវការ ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតកាលពីរំលងអាធ្រាត្រ។

ក្នុងប្រកួតនោះដែរកីឡាករ Cole Palmer ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី១៦ បញ្ចប់ការលេង ៨លើករបស់គេពុំមានគ្រាប់បាល់សម្រាប់ Chelsea និងជម្រើសជាតិតោកំណាច មុនពេល Estevao ដែលខិតជិតមកចូលរួមជាមួយតោខៀវនោះ រកបានគ្រាប់តាមស្មើវិញនៅដើមវគ្គទី២។ ការប្រកួតបានបន្តដល់នាទី៨៣ ទើបខ្សែការពារ Giay Aguestin ឱ្យកាដូក្រុមរបស់លោក Enzo Maresca ពីការធ្វេសប្រហែសចូលទីខ្លួនឯង។

អង់គ្លេសនៅសល់តែតោខៀវ ១គត់ដែលបានឡើងដល់វគ្គបន្តបន្ទាប់ នៅពេល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ ១៦ក្រុមប៉ុណ្ណោះពេលចាញ់ Al-Hilal។

ជំនួបរវាង Chelsea និង Fluminense នឹងធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន MetLife ស្ថិតក្នុងរដ្ឋ New Jersey ដើម្បីប្រជែងកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត៕