(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហើបពីទំនាក់ទំនង និងកិច្ចសហការជាមួយស្ថាប័នរៀបចំព្រឹត្តិការណ៍យុទ្ធគុននៅប្រទេសចិនជាច្រើន ដើម្បីជំរុញការផ្សព្វផ្សាយ និងពង្រីកទីផ្សារប្រកួតកាន់តែច្រើន នៅប្រទេសចិន នាថ្ងៃអនាគត។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ប្រដាល់គ្រុឌគុនខ្មែរមិត្តភាពកម្ពុជា-ចិន នៅថ្ងៃសៅរ៍នេះ ស្របពេលការប្រកួតផ្លូវការ នឹងប្រព្រឹត្ដទៅ នាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ស្អែក នៅកីឡដ្ឋានស្ដាតចាស់ ដោយមានកីឡាករជើងខ្លាំងកម្ពុជា និងចិន ជាច្រើនរូប ត្រូវជួបគ្នា។
លោកថា ព្រឹត្តិការណ៍ខាងលើ គឺជាការចាប់ផ្ដើមដំណើរការខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នា(MOU) រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័នរៀបចំកីឡាយុទ្ធគុនដ៏ធំចិន E-Mei Legend កាលពីខែមេសាកន្លងទៅ ។ បន្ទាប់ពីនេះ ស្ថាប័នទាំងពីរ ក៏គ្រោងនឹងបន្ដរៀបចំការប្រកួតជាបន្ដបន្ទាប់ទៀត ទាំងនៅកម្ពុជា និងនៅចិន ដើម្បីផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ ក៏ដូចជាក្បាច់គុនចិនផងដែរ។
លោកបន្ដថា «គុនខ្មែរមិនត្រឹមតែជាកីឡាប្រយុទ្ធមួយប្រភេទនោះទេ គឺជាដួងព្រលឹងនៃមរតកវប្បធម៌ខ្មែរ និងជាកីឡាអត្តសញ្ញាណជាតិខ្មែរ ដែលបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ ។ ក្នុងនាមកីឡាដ៏ចំណាស់ជាងគេមួយនៅក្នុងទ្វីបអាស៊ី គុនខ្មែរគឺជាកីឡាប្រយុទ្ធមួយដែលមានអាយុកាលយូរអង្វែង ដែលបរទេសគេបានកោតស្ញប់ស្ញែង និងចូលរួមផ្សព្វផ្សាយជាមួយគុនខ្មែរ ពិសេសលើកនេះ ដែលយើងចាប់ដៃគូជាមួយស្ថាប័ននៅប្រទេសចិន មិនត្រឹមតែស្ថាប័ន E-Mei Legend នោះទេ យើងមានការសហការជាមួយស្ថាប័នច្រើនទៀត ដែលនឹងនាំឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនៅកម្ពុជា ក៏ដូចជានៅចិនជាច្រើនទៀត នាថ្ងៃអនាគត»។
«នេះជាសញ្ញាណបង្ហាញឲ្យឃើញពីភាពរីកចម្រើន និងការរីកសាយភាយនៃសិល្បៈក្បាច់គុនបុរាណខ្មែរយើងទៅកាន់អន្ដរជាតិ កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែងយើងបានចេញទៅសឹងតែគ្រប់ប្រទេសហើយនាបច្ចុប្បន្ននេះ ។ នេះក៏បង្ហាញឲ្យឃើញថា យើងកំពុងមានសុខសន្ដិភាពពេញលេញ ជាប្រទេសមួយដែលកំពុងមានការអភិវឌ្ឍ វិស័យកីឡាយើងមានការរីកចម្រើន ទើបយើងអាចឈានទៅរកការរៀបចំការប្រកួតនៅក្រៅប្រទេស មិនថា នៅចិន អឺរ៉ុប ឬទ្វីបអាមេរិក ហើយក៏នឹងបន្ដមានរៀបចំការប្រកួតច្រើនទៀតនៅថ្ងៃអនាគត»។ លោក ខូវ ឆាយ បន្ថែម។
ទន្ទឹមជាមួយគ្នាលោក Mei Jiaxiang ស្ថាបនិកស្ថាប័ន E-Mei Legend បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ លោកថា ក្បាច់គុនចិន គឺជាបេតិកភណ្ឌវប្បធម៌ អរិយធម៌នៃលោកខាងកើត ហើយក៏ជាស្ពានរឹតចំណងមិត្តភាពកម្ពុជា-ចិន ។ ការប្រកួតលើកនេះ មិនត្រឹមតែអាចបង្ហាញនូវក្បាច់គុនខ្មែរ និងក្បាច់គុនចិន តែក៏អាចបន្ថែមនូវចំណងវប្បធម៌ និងរួមចំណែកផ្សព្វផ្សាយក្បាច់គុនបុរាណរវាងប្រទេសទាំងពីរ ទៅកាន់ពិភពលោក និងជំរុញការទាក់ទាញផ្នែកវិស័យទេសចរណ៍ផងដែរ។
ចំពោះកម្មវិធីប្រកួតមិត្តភាពកម្ពុជា-ចិន ខាងលើ រួមមានកីឡាករ ធន់ សាក់ស៊ីន ជួបកីឡាករចិន Gao Yuhang ទម្ងន់ ៥៧គីឡូក្រាម, កីឡាករ ផៃ លីហេង ជួបកីឡាករចិន Tiang Leming ទម្ងន់ ៦០គីឡូក្រាម, កីឡាករ ធន់ ចេស្ដា ជួបកីឡាករចិន Yao Yangyang ទម្ងន់ ៦៣,៥គីឡូក្រាម, កីឡាករ រិទ្ធ អារុណ ជួបកីឡាករចិន Zhang Gui ទម្ងន់ ៦៧គីឡូក្រាម, កីឡាករ ពុទ្ធ សំបូរ ជួបកីឡាករចិន Xu Ji ទម្ងន់ ៦៣,៥គីឡូក្រាម និងកីឡាករ មឿន សុខហ៊ុច ជួបកីឡាករចិន Liu Longquan ទម្ងន់ ៦៥គីឡូក្រាម ។ រីឯ ១គូទៀត គឺជំនួបរវាងកីឡាករអ៊ូបេគីស្ថាន Shermukhammed ជួបកីឡាករចិន Wang Xin ទម្ងន់ ៧១,៥គីឡូក្រាម៕