(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់ភារកិច្ច ក្នុងនាមម្ចាស់ផ្ទះ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Asian Cup 2026 ហើយ ដោយរកបាន ៤ពិន្ទុ និងឈរលេខ៣ ក្នុងពូលG បន្ទាប់ពីវាយបកយកឈ្នះក្រុមជម្រើសជាតិនារីអារ៉ាប់ប៊ីសាអូឌីត ២-១ នៅក្នុងជំនួបបង្គ្រប់កិច្ច កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ។

ថ្វីដ្បិតជាការប្រកួតបង្គ្រប់កិច្ចក្នុងពូល តែក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក ពិសេសក្រុមនារីកម្ពុជា ដែលបានព្យាយាមដាក់សម្ពាធខ្លាំងលើគូប្រជែង ។ ទោះបីមានឱកាសស៊ុតលើគូប្រជែងជាច្រើនលើក តែកម្ពុជា មិនអាចទម្លាយរបាំងការពារគូប្រជែងមុនឡើយ ផ្ទុយទៅវិញ ត្រូវបានអារ៉ាប់ប៊ីសាអូឌីត រកបានគ្រាប់នាំមុខមុន ដោយកីឡាការិនី Abdulamohsen Moudi នៅនាទី៨០។

យ៉ាងណាមិញនៅសល់រយៈពេលជាង ១០នាទីចុងក្រោយ ក្រុមនារីកម្ពុជា ពុំបានបោះបង់ការខំប្រឹងឡើយ រហូតវាយបករកបានគ្រាប់តាមស្មើវិញ ដោយកីឡាការិនី ហេង សុវណ្ណមុនី នៅនាទី៦៥ មុនបន្ថែមគ្រាប់ទី២ ដោយកីឡាករ វឿន សុថាន នៅនាទី៩០+៥ ដែលជាគ្រាប់ជ័យជម្នះដ៏មានន័យ សម្រាប់ក្រុមគោព្រៃនារីកម្ពុជា ដ្បិតនេះគឺជាជ័យជម្នះលើកដំបូងក្នុងការប្រកួតកម្រិតទ្វីបអាស៊ី ទោះបីគ្មានឱកាសឡើងវគ្គបន្ដក៏ដោយ។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតជម្រុះពូលG នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា បានឈរលេខរៀងទី៣ ដោយរកបាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១(ឈ្នះអារ៉ាប់ប៊ីសាអូឌីត ២-១) ស្មើ ១ (ស្មើហុងកុង ១-១) និងចាញ់ ១ (ចាញ់ហ្វីលីពីន ៦-០) ។ ចំណែកក្រុមឡើងទៅជុំចុងក្រោយ នៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ គឺក្រុមហ្វីលីពីន ដែលរកបាន ៩ពិន្ទុពេញ ក្រោយឈ្នះ ៣ប្រកួត គ្រាដែលហុងកុង ឈរលេខរៀងទី២ រកបាន ៤ពិន្ទុស្មើកម្ពុជា គ្រាដែលអារ៉ាប់ប៊ីសាអូឌីត ពុំមានពិន្ទុរាប់ឡើយ ក្រោយចាញ់ទាំង ៣ប្រកួត៕