(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃសុក្រថា លោកនឹងចាប់ផ្តើមការពិភាក្សាជាមួយចិន នៅថ្ងៃចន្ទ ឬថ្ងៃអង្គារខាងមុខ អំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានស្ដីពីកម្មវិធី TikTok។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
លោកបាននិយាយថា សហរដ្ឋអាមេរិកជិតសម្រេចបានកិច្ចព្រមព្រៀងសម្រាប់ការលក់កម្មវិធីវីដេអូខ្លី TikTok ហើយ។ លោកថា «ខ្ញុំគិតថា យើងនឹងចាប់ផ្តើមថ្ងៃចន្ទ ឬថ្ងៃអង្គារ… ដើម្បីពិភាក្សាជាមួយចិន ប្រហែលជានឹងជាមួយប្រធានាធិបតី Xi ឬអ្នកតំណាងរបស់គាត់... យើងជិតមានកិច្ចព្រមព្រៀងហើយ»។ លោក Trump បានប្រាប់អ្នកសារព័ត៌មានក្នុងយន្តហោះ Air Force One។
កាលពីខែមុន លោក Trump បានពន្យាពេលសម្រាប់ការបិទ TikTok ទៅដល់ថ្ងៃទី១៧ ខែកញ្ញា ដើម្បីឱ្យក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅចិន សម្រេចលក់ TikTok នៅសហរដ្ឋអាមេរិក ទៅឲ្យក្រុមហ៊ុនណាមួយរបស់អាមេរិក។ រហូតមកទល់នឹងពេលនេះ មានកិច្ចព្រមព្រៀងកំពុងត្រូវរៀបចំ ដើម្បីបែងចែកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឲ្យក្រុមហ៊ុនថ្មីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយមានម្ចាស់ជាជនជាតិអាមេរិក។ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានផ្អាកបណ្តោះអាសន្ន បន្ទាប់ពីចិនបានបង្ហាញថា ពួកគេមិនយល់ព្រមនឹងអនុម័តទេ ដោយសារតែសហរដ្ឋអាមេរិកបានប្រកាសអំពីការបង្កើនពន្ធលើទំនិញចិនយ៉ាងខ្លាំង។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិកប្រហែលជាត្រូវការការអនុម័តពីចិនសម្រាប់កិច្ចព្រមព្រៀងនេះ។ នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកមានទំនុកចិត្តដែរឬទេថា ចិននឹងយល់ព្រមលើកិច្ចព្រមព្រៀងនេះ លោកបានឆ្លើយថា «ខ្ញុំមិនប្រាកដទេ ប៉ុន្តែខ្ញុំគិតថា មានសង្ឃឹម។ ខ្ញុំមានទំនាក់ទំនងល្អជាមួយប្រធានាធិបតី Xi ហើយខ្ញុំគិតថា កិច្ចព្រមព្រៀងនេះល្អសម្រាប់ពួកគេ និងល្អសម្រាប់យើងផងដែរ»៕