(ភ្នំពេញ)៖ ក្រុមហ៊ុនហង្សមាស បានបោះជំហានចូលទៅក្នុងរបត់ថ្មីមួយទៀតហើយ គឺក្នុងវិស័យហ្វេសិន ដោយបានបង្កើតនូវប្រេនថ្មីមួយដែលមានឈ្មោះថា «FRANANDO» ជាផលិតផលកាបូបប្រណិតសម្រាប់មនុស្សជំនាន់ថ្មី ជាពិសេសសម្រាប់សុភាពនារីទាន់សម័យ។

ការបង្ហាញប្រេនដ៏ពិសេសនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅស្ទូឌីយោហង្សមាស HDTV ក្នុងផ្សារទំនើប អ៉ីអន២ (សែនសុខ) ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា អ៊ឹង ឆៃងួន និងលោកស្រី ម្ចាស់ក្រុមហ៊ុនហង្សមាស ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ និងក្រុមការងារ ជាពិសេសតារាចម្រៀងហង្សមាសជាច្រើនដួង។

លោកស្រី អ៊ឹង គីមលាង President and Founder of Franando បានថ្លែងថា កាលពីមុនហង្សមាស បានផ្ដោតសំខាន់តែលើការផលិតបទចម្រៀង និងវិស័យតន្រ្តីលើទូរទស្សន៍ ប៉ុន្តែនៅពេលនេះហង្សមាសបានបោះជំហានមកផលិតនូវប្រេនរបស់ខ្លួនឯងផ្ទាល់ ដោយបានសម្រិតសម្រាំងយកចិត្តទុកដាក់លើគុណភាពជាចម្បងក្នុងវិស័យហ្វេសសិន ពោលគឺបង្កើតប្រេនកាបូបស្ពាយយ៉ាងប្រណិតបែបនារីទាន់សម័យ «FRANANDO»។ កាបូបស្ពាយ «FRANANDO» ត្រូវបានរំលេចឡើងនូវរចនាបទបែបខ្មែរទាន់សម័យ ស័ក្តិសមនឹងស្ត្រីនៅក្នុងយុគសម័យទំនើប ហើយក្រុមការងារហង្សមាស តែងតែធ្វើអ្វីមួយប្រកបដោយគុណភាព ភាពជឿជាក់ និងបានប្ដេជ្ញាចិត្តបម្រើជូនដល់អតិថិជន ជាពិសេសនារីសម័យថ្មីនេះ ប្រកបដោយទំនុកចិត្តខ្ពស់។ ជាពិសេស «FRANANDO» នឹងហក់ចូលក្នុងទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗនេះទៀតផង។

លោកស្រីបានបន្តថា នេះជាក្ដីស្រមៃមួយ ក្នុងចំណោមក្ដីស្រមៃជាច្រើន ដែលបណ្ដាប្រទេសនានានៅលើពិភពលោក គេតែងតែមានផលិតផលជារបស់ខ្លួនឯង មិនថានៅទ្វីបអាស៊ីឬអឺរ៉ុប ដូច្នេះការបង្កើតផលិតផលខ្លួនឯងតំណាងប្រទេសនេះ គឺជាក្ដីស្រមៃដែលបានប៉ងយូរមកហើយ ជាពិសេសប្រេនសម្រាប់ប្រទេសកម្ពុជា ដែលមានគុណភាព និងតម្លៃសមស្របសម្រាប់ប្រជាជនខ្លួនឯង ខណៈដែលផលិតផលជាច្រើនចរាចរលើទីផ្សារអន្តរជាតិមានតម្លៃថ្លៃ។ ម្យ៉ាងវិញទៀត «FRANANDO» មានន័យថា គឺការដើរឆ្ពោះទៅមុខជានិច្ចប្រកបដោយថាមពល និងភាពល្អឥតខ្ជោះសម្រស់ខ្លួនឯងជានិច្ច។

លោកស្រីបានរំឭកថា ឈ្មោះ «FRANANDO» គឺបានកើតចេញពីគំនិតពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ជាមួយគ្រួសារ និងក្រុមការងារ ជាពិសេសកូនស្រីរបស់លោកស្រីទើបតែមានអាយុ ១០ឆ្នាំប៉ុណ្ណោះ តែអាចចួលរួមចំណែកយ៉ាងអស្ចារ្យ ពោលគឺបានសម្រេចដាក់ឈ្មោះតាមគំនិតរបស់កូនស្រី គឺ កាបូបស្ពាយ «FRANANDO» ដែលធ្វើឲ្យលោកស្រីរំភើបចិត្តយ៉ាងខ្លាំង និងរហូតឈានដល់ថ្ងៃបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ។ លោកស្រីបានសង្កត់ធ្ងន់ថា «FRANANDO» និងនៅតែរិះរកអ្វីដែលថ្មីប្លែកទាន់សម័យបំផុត សម្រាប់នារីគ្រប់ៗរូប និងបម្រើជូនដល់មហាជន អតិថជនមិនឲ្យខនបំណងឡើយ។

សូមបញ្ជាក់ថា កាបូបស្ពាយសម្រាប់ស្ត្រី ដែលហង្សមាសបានបង្កើតឡើង «FRANANDO» នេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនផ្ទាល់អះអាងថា មានច្រើនម៉ូដច្រើនម៉ាក ច្រើនទំហំ សាច់កាបូប និងថ្នេរដេរមានគុណភាពខ្ពស់ ជាពិសេសមានតម្លៃសមរម្យបំផុត។ រឹតតែពិសេសក្នុងឱកាសសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុនបានបើកប្រម៉ូសិនពិសេសដោយមានការ បញ្ចុះតម្លៃ ៥០% លើគ្រប់ម៉ូតកាបូប «FRANANDO» រយៈពេល៣ថ្ងៃពេញតែម្តង៕