(ភ្នំពេញ)៖ ការណ៍ដែលគ្មានទំនាក់ទំនងជាមួយនឹងអ្នកនៅជុំវិញខ្លួនពុំមែនជាជម្រើសល្អនោះទេ ហើយការរីកចម្រើនទៅមុខបានក៏មិនអាចកើតមានដោយការខិតខំឯកឯងបានដែរ ពោលគឺនៅក្នុងគ្រួសារ សហគមន៍ និងសង្គម តែងតែមានការប្រាស្រ័យទាក់ទងគ្នាសម្រាប់ជីវភាពប្រចាំថ្ងៃរួមមាន ការប្រកបអាជីវកម្ម ការបំពេញការងារ និងសេវាសាធារណៈផ្សេងទៀត ដែលបង្កើតបាននូវកាតព្វកិច្ចជាអាទិ៍ដល់ភាគី។ ជាទូទៅ នៅពេលមានកាតព្វកិច្ចកើតឡើង គឺភាគីត្រូវអនុវត្តបើ ពុំដូ ច្នោះទេ ភាគីដែលមិនអនុវត្តកាតព្វកិច្ចនឹងមានការទទួលខុសត្រូវចំពោះមុខច្បាប់។

ដូចនេះ តើកាតព្វកិច្ចមានន័យដូចម្តេច? តើភាគីដែលត្រូវអនុវត្តកាតព្វកិច្ចត្រូវបានហៅយ៉ាងដូចម្តេចតាមន័យច្បាប់? ហើយកាតព្វកិច្ចទាំងនោះកើតចេញពីប្រភពណាខ្លះ?

ដើម្បីស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ប្រភពនៃកាតព្វកិច្ច» មកធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជន ដូចតទៅ។

ក្នុងន័យទូទៅ ពាក្យ «កាតព្វកិច្ច» សំដៅលើកិច្ចការដែលត្រូវ តែធ្វើជាចាំបាច់ និងមិនអាចខានបាន ។ ក្នុងន័យច្បាប់ កាតព្វកិច្ច គឹជាទំនាក់ទំនងគតិយុត្តដែលចងបុគ្គលពីរនាក់ ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់មានករណីកិច្ចមួយចំនួន ចំពោះបុគ្គលដែលបានកំណត់ម្នាក់ទៀត ។

បុគ្គលដែលមានករណីកិច្ចហៅថា «កូនបំណុល» រីឯបុគ្គលដែលទទួលផលប្រយោជន៍ពីករណីកិច្ចនោះហៅថា «ម្ចាស់បំណុល» (មាត្រា ៣០៨ នៃក្រមរដ្ឋប្បវេណី) ។ ចំណែកឯប្រភពនៃកាតព្វកិច្ច ត្រូវបានកើតចេញពីប្រភពសំខាន់ៗរួមមាន (១) កាតព្វកិច្ចកើតឡើងដោយឆន្ទៈរបស់ភាគី និង (២) កាតព្វកិច្ចដែលកំណត់ដោយច្បាប់ (មាត្រា ៣០៩នៃក្រមរដ្ឋប្បវេណី) ។

(១) កាតព្វកិច្ចកើតឡើងដោយឆន្ទៈរបស់ភាគី សំដៅដល់បុគ្គលដែលមានសិទ្ធិគ្រប់គ្រាន់ជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច ដោយបានធ្វើសកម្មភាពបង្កើតសិទ្ធិ និងកាតព្វកិច្ចតាមរយៈកិច្ចសន្យា និងសកម្មភាពឯកតោភាគី ។

*កិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ។ សកម្មភាពឯកតោភាគី គឺជាសកម្មភាពដែលបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីតែម្ខាង ឬដោយអនុវត្តសិទ្ធិដែលទទួលបានតាមកិច្ចសន្យា ឬតាមបញ្ញត្តិនៃច្បាប់ ។

(២) ដោយឡែក កាតព្វកិច្ចដែលកំណត់ដោយច្បាប់ សំដៅដល់សកម្មភាពមួយចំនួនដែលមានកំណត់ក្នុងបញ្ញត្តិច្បាប់រួមមាន ការគ្រប់គ្រងដោយឈឺឆ្អាល សេចក្តីចម្រើនដោយឥតហេតុ អំពើអនីត្យានុកូល និងដោយបញ្ញត្តិនៃច្បាប់ ។

*ការគ្រប់គ្រងដោយឈឺឆ្អាល គឺជាការគ្រប់គ្រងលើកិច្ចការរបស់អ្នកដទៃ ដោយគ្មានសិទ្ធិអំណាច ដើម្បីផលប្រយោជន៍របស់អ្នកដទៃ នោះអ្នកគ្រប់គ្រងដោយឈឺឆ្អាលត្រូវគ្រប់គ្រងដោយព្យាយាមប្រុងប្រយ័ត្ន និងសុចរិត ផ្អែកតាមលក្ខណៈនៃកិច្ចការនោះ ។
*សេចក្តីសម្រើនដោយឥតហេតុ គឺជាការទទួលបានផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ដោយគ្មានមូលហេតុ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ។
*អំពើអនីត្យានុកូល គឺជាអំពើដែលបំពានដោយខុសច្បាប់លើសិទ្ធិ ឬផលប្រយោជន៍អ្នកដទែដោយកំហុសចេតនា ឬ អចេតនា ដែលបណ្តាលឱ្យមានការខូចខាតកើតចេញពីទំនាក់ទំនងហេតុ និងផល ។
*កាតព្វកិច្ចកើតដោយបញ្ញត្តិនៃច្បាប់ គឺជាកាតព្វកិច្ចដែលច្បាប់បានកំណត់ ដូចជា កាតព្វកិច្ចបង់ពន្ធផ្លូវ និងកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យជាអាទិ៍ ។

សរុបមក ប្រភពនៃកាតព្វកិច្ច អាចកើតឡើងដោយឆន្ទៈរបស់ភាគី និងការកំណត់ដោយច្បាប់ ។ កាតព្វកិច្ចដែលកើតឡើងដោយឆន្ទៈរបស់ភាគី តាមរយៈកិច្ចសន្យា និងសកម្មភាពឯកតោភាគី ចំណែកកាតព្វកិច្ចដែលកើតឡើងតាមការកំណត់ដោយច្បាប់ តាមរយៈការគ្រប់គ្រងដោយឈឺឆ្អាល សេចក្តីចម្រើនដោយឥតហេតុ អំពើអនីត្យានុកូល និងដោយបញ្ញត្តិនៃច្បាប់ ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក អុីវ ឆាយហេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕