(បរទេស)៖ កីឡាករលេងក្នុងតំបន់បម្រើ Jamal Musiala វ័យទើបតែ ២២ឆ្នាំ បានរងរបួសបាក់កជើង ដែលនឹងប្រឈមទៅនឹងការអវត្តមានរយៈពេលវែងពីក្លិបខ្លារខិន Bayern Munich។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Jamal ដែលស្ថិតក្នុងក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់នាពេលបច្ចុប្បន្នផងនោះ បានប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Gianluigi Donnaruma ពីក្នុងវគ្គទី១ នៅអំឡុងប្រជែងយកបាល់នៅជិតខ្សែបន្ទាត់ នៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយក្នុងពាន FIFA Club World Cup 2025 នៅអាមេរិកកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។
ភ្លាមៗនោះដែរ ក្រោយពីទទួលរងរបួសកជើងខាងឆ្វេងរហូតដល់បាក់នេះដែរ Musiala ត្រូវបានសែងចេញ ដើម្បីបញ្ជូនទៅមន្ទីរពេទ្យ និងបច្ចុប្បន្នបានទៅដល់អាល្លឹម៉ង់ ត្រៀមវះកាត់ទៀតផង។
លោក Max Eberl នាយកកីឡាប្រចាំក្លិប Bayern បានថ្លែងថា «នេះគឺជាបញ្ហារបួសដ៏ធ្ងន់ធ្ងរ និងបង្កការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងការអវត្តមានរយៈពេលយូរពីក្លិបផងដែរ។ នេះវាពិតជាធ្វើឱ្យ Bayern ជួបការលំបាក»។
ចំណែកកីឡាករចាំទី Donnarumma របស់ក្លិប Paris Sait Germain វិញក៏បានស្រក់ទឹកភ្នែក នៅពេលឃើញ Musiala រងរបួសដ៏តក់ស្លុតបែបនេះ នៅពេលអ្នកចាំទី Manuel Neuer របស់ Bayern វិញបានរិះគន់អ្នកចាំទីអ៉ីតាលីថា មិនចេះកាត់បន្ថយហានិភ័យ នៅពេលដឹងថា វាអាចប្រឈមនឹងរបួសខ្លាំងក្លាចំពោះគូបក្ខដិបក្ខរបស់ខ្លួន៕