(បរទេស)៖ ការសិក្សាមួយដែលធ្វើឡើងដោយរដ្ឋាភិបាលហូឡង់បានរកឃើញថា ការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសាលារៀនហូឡង់ បានបង្ហាញលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ ដោយជួយបង្កើនការផ្ដោតអារម្មណ៍របស់សិស្ស និងរៀនពូកែជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
តាមការស្ទង់មតិទៅលើសាលាវិទ្យាល័យចំនួន ៣១៧ បានបង្ហាញថា ៧៥% ឬ ៣/៤ នៃសាលាទាំងនោះបានឃើញលទ្ធផលល្អ គឺសិស្សៗមានការផ្ដោតអារម្មណ៍លើមេរៀនកាន់តែខ្លាំង។ មិនតែប៉ុណ្ណោះ ជិត ២/៣ នៃសាលាបានកត់សម្គាល់ថា បរិយាកាសនៅក្នុងថ្នាក់រៀនមានភាពប្រសើរឡើង ហើយ ១/៣ ទៀតបានឃើញថា សិស្សរៀនពូកែជាងមុនទៀតផង។
លោកស្រី Marielle Paul រដ្ឋលេខាធិការក្រសួងអប់រំ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនេះ ដោយថ្លែងថា៖ «គ្មានការរំខានទៀតទេ ក្មេងៗយកចិត្តទុកដាក់លើមេរៀនច្រើនជាងមុន ហើយចេះរាប់អានគ្នាទៀត។ ការមិនមានទូរស័ព្ទដៃក្នុងថ្នាក់រៀនពិតជាមានផលល្អមែន។ វាពិតជាអស្ចារ្យណាស់ដែលសាលារៀនបានចូលរួមអនុវត្តរឿងនេះ»។
គួរជម្រាបថា ការហាមឃាត់នេះត្រូវបានអនុវត្តតាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ មកម្ល៉េះ ដោយរាប់បញ្ចូលទាំងសាលាបឋមសិក្សាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់នៅក្នុងសាលាបឋមសិក្សាមានតិចតួច ដោយសារជាទូទៅសិស្សនៅកម្រិតនេះទើបតែចាប់ផ្តើមយកទូរស័ព្ទទៅសាលារៀននៅឆ្នាំចុងក្រោយប៉ុណ្ណោះ។ យ៉ាងណាមិញ សាលារៀនភាគច្រើននៅតែអនុញ្ញាតករណីលើកលែងសម្រាប់ឧបករណ៍ដែលចាំបាច់សម្រាប់ជំនួយផ្នែកវេជ្ជសាស្ត្រ ដូចជាឧបករណ៍ជំនួយការស្តាប់ដែលភ្ជាប់ជាមួយទូរស័ព្ទដៃជាដើម៕