(បរទេស)៖ ប្រទេសសហម្ចាស់ផ្ទះ World Cup 2026 មិចស៊ិក បន្តកាន់កាប់ពានពានរង្វាន់ប្រចាំតំបន់អាមេរិកខាងជើង Concacaf Gold Cup សម្រាប់ឆ្នាំ២០២៥ នេះទៀត នៅពេលលេងឈ្នះម្ចាស់ផ្ទះសហរដ្ឋអាមេរិក ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅកម្ពុជា)។

ក្រុមម្ចាស់ការពារតំណែងជើងឯកកាលពី ២ឆ្នាំមុនមួយនេះ បានធ្វើការវាយបកយកបានជ័យជម្នះវិញ បន្ទាប់ពីក្រុមរបស់លោក Mauricio Pochettino បើកការនាំមុខ ក្រោយពេលលេងបានតែ ៤នាទី ពីការរួមចំណែករកបានគ្រាប់បាល់ដោយកីឡាករ Raul Jimenez និង Edson Alvarez។

ការប្រកួតដែលត្រូវបានធ្វើឡើងក្នុងកីឡដ្ឋាន NRG ខ្សែការពារដែលត្រូវបានជ្រើសរើសចេញពីក្លិប Crystal Palace គឺ Chris Richards បានតែតបញ្ចូលទី នៅពេលទទួលបាល់ free kick ទាត់ដោយ Sebastian Berhalter និងបន្តរហូតដល់នាទី២៣ ទើបខ្សែប្រយុទ្ធមកពី Fulham គឺ Jimenez រកបានគ្រាប់តាមស្មើឱ្យមិចស៊ិកវិញ និងគ្រាប់ជ័យជម្នះ ២-១ កើតឡើងនៅនាទី៧៧ ដោយប្រធានក្រុម Alvarez។

នេះជាការខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រជាលើកទី២ ទៀតសម្រាប់អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន Pochettino ពោលគឺក្រោយពេលដឹកនាំ Tottenham Hotspur ចាញ់ Liverpool ២-០ កាលផ្តាច់ព្រ័ត្រ UEFA Champions League 2019 និងបានមកដឹកនាំជម្រើសជាតិអាមេរិកវិញម្តងកាលខែវិច្ឆិកា ឆ្នាំ២០២៤ មានរយៈពេលត្រឹម ៤ខែផងដែរ បន្ទាប់ពីតោខៀវ Chelsea ដកតួនាទី។

រាប់ទាំងលើកនេះ មិចស៊ិកបានគ្រងជើងឯក Gold Cup បាន ១០លើកមកហើយ ស្របពេលអាមេរិកបាន ៧ដង និងមានតែ ២ប្រទេសនេះគត់ឈ្នះជើងឯក តពីកាណាដា ដែលឈ្នះចុងក្រោយគេគិតចាប់តាំងពីឆ្នាំ២០០០ មក៕