(ភ្នំពេញ)៖ លោក Dusan Jarotta គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិ(FIVB) បានចាត់ទុកគ្រូបង្វឹក គឺជាឪពុកម្ដាយ ជាទីប្រឹក្សា និងជាអ្នកនាំផ្លូវដ៏សំខាន់សម្រាប់កីឡាករ ដែលចាំបាច់ត្រូវមានចក្ខុវិស័យច្បាស់លាស់ ដើម្បីឈានទៅរកការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីប្រកបដោយសមត្ថភាព និងរីកចម្រើន។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាបាល់ទះកម្រិតC ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលឧបត្ថម្ភគាំទ្រដោយអង្គការសាមគ្គីអូឡាំពិក ដោយមានសិក្ខាកាមចូលរួមសរុប ៤៥នាក់។
ជំនាញការអន្ដរជាតិខាងលើ បានសម្ដែងនូវមោទនភាព ចំពោះការចូលរួម និងខំប្រឹងសិក្សាស្វែងយល់របស់សិក្ខាកាមទាំងអស់ ក្នុងការក្រេបជញ្ជក់យកនូវចំណេះដឹងថ្មីៗ ពីការបង្រៀន ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ។ យ៉ាងណាលោកក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបន្ដខិតខំសិក្សាស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យបានកាន់តែងប្រសើរ ក្នុងនាមគ្រូបង្វឹក ដែលដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកការអភិវឌ្ឍវិស័យកីឡានេះ។
បុរសជនជាតិស្វីសដដែលបន្ដថា «ខ្ញុំមានពាក្យពេជន៍ផ្ដាំផ្ញើខ្លះ យើងធ្វើអ្វី ត្រូវមានចក្ខុវិស័យ ព្រោះបើអត់មានចក្ខុវិស័យទេ ការធ្វើអ្វី ឬមើលទៅថ្ងៃមុខ នឹងគ្មានគោលដៅច្បាស់លាស់។ ហេតុនេះ គ្រូបង្វឹកត្រូវមានចក្ខុវិស័យច្បាស់លាស់។ ខ្ញុំសង្ឃឹមថាសិក្ខាមកាមទាំងអស់ នឹងយកចំណេះដឹង ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ។ ទិសដៅសំខាន់បន្ទាប់ពីសុខភាព ក្នុងតួនាទីជាគ្រូបង្វឹក យើងជាឪពុកម្ដាយ យើងជាទីប្រឹក្សា ហើយយើងក៏ជាអ្នកនាំផ្លូវសម្រាប់កីឡាករ ។ អ៊ីចឹងសូមរីករាយជាមួយការងារគ្រូបង្វឹករបស់យើងទាំងអស់គ្នា»។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការ NOCC ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់របស់សិក្ខាកាមក្នុងវគ្គកម្រិតអន្ដរជាតិ ពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃការបង្វឹកកីឡាបាល់ទះ។ លោកសង្ឃឹមថា វគ្គនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកីឡាបាល់ទះនៅកម្ពុជា ហើយសិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបច្ចេកទេសថ្មីៗ ដែលបានពីសិក្សាទៅប្រើប្រាស់ដើម្បីអភិវឌ្ឍធនធានអត្តពលិកឈានឆ្ពោះ ទៅទទួលបានជោគជ័យសម្រាប់ការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិ ពិសេសគឺការអភិវឌ្ឍធនធានអត្តពលិកយុវជន-ថ្នាល ត្រៀមការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ នៅកម្ពុជា នាឆ្នាំ២០២៩ ខាងមុខ។
ជាមួយគ្នាដែរ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានចាត់ទុកវគ្គគ្រូបង្វឹកកម្រិតអន្ដរជាតិនេះ ពិតជាសំខាន់ដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្វឹកកីឡាបាល់ទះនៅកម្ពុជាឲ្យមានស្តង់ដារតាមកម្រិតអន្តរជាតិ ទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក ដ្បិតបច្ចុប្បន្នគ្រូបង្វឹកកីឡាបាល់ទះកម្ពុជា នៅមិនទាន់មានអ្នកមានវិញ្ញាបនបត្រកម្រិតអន្តរជាតិនៅឡើយ ។ ដូច្នេះនេះជាឱកាសល្អដើម្បីសាបព្រោះធនធានគ្រូបង្វឹកអន្តរជាតិជាជនជាតិខ្មែរ ហើយលោកក៏សង្ឃឹមថា នឹងទទួលបានការគាំទ្រពី NOCC ដើម្បីបន្ដរៀបចំវគ្គគ្រូកម្រិតB នាឆ្នាំក្រោយបន្ដទៀត៕