(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិក CFU Gaming បានក្លាយជាជើងឯក នៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិប្រចាំតំបន់អាស៊ាន Exprez Mekong Warrior Invitations (EMWI) 2025 ក្រោយយកឈ្នះក្រុមរួមជាតិ Pro ESports ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី៦ ខែកក្កដាកន្លងទៅ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center។
គួរដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានក្រុមចូលរួម ៤ប្រទេស រួមមានកម្ពុជា(៥ក្រុម) វៀតណាម(១ក្រុម) ឡាវ(១ក្រុម) និងសិង្ហបុរី(១ក្រុម) ក្រោមកិច្ចហសការរវាងក្រុមហ៊ុនខ្មែរប៊ែរវើរីជីស និង T.Y Media ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីផ្ដល់ឱកាសដល់កីឡាករកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅកសាងសមត្ថភាពកាន់តែខ្ពស់សម្រាប់តំណាងកម្ពុជាចូលរួមការប្រកួតលើឆាកអន្ដរជាតិ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះតាម Online ជាង ១ខែ ក៏រកឃើញបេក្ខភាពក្រុមខ្លាំងៗ ៨ក្រុម តំណាងឲ្យប្រទេសទាំង ៤ ខាងលើ មកប្រកួតវគ្គ Play-Off នៅកម្ពុជា ហើយក្រុមអេឡិចត្រូនិកកម្ពុជា សុទ្ធតែធ្វើបានល្អ ដោយបានយកឈ្នះដៃគូជាបន្ដបន្ទាប់ ពិសេសការទម្លាក់ក្រុមបរទេស ជាកល់ស្ដែងក្រុម CFU Gaming និង Pro Esports របស់កម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ មុនក្រុមខ្លាំង CFU បានយកឈ្នះ ដើម្បីលើកពានតែម្ដង។
ក្រោយគ្រងជើងឯកពានអន្ដរជាតិលើកដំបូងខាងលើ កីឡាករ ញ៉ែម ច័ន្ទដាវណ្ណ របស់ CFU បានសម្ដែងការសប្បាយចិត្ត ដែលក្រុមខ្លួនទទួលបានជោគជ័យតាមផែនការ។ គេបានចាត់ទុកការប្រកួតនេះ គឺជាកម្ដៅសាច់ដុំដ៏សំខាន់ សម្រាប់ក្រុមក្នុងការត្រៀមលក្ខណៈចូលរួមការប្រកួត MSC (MLBB Mid Season Cup 2025) នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត នាពេលខាងមុខ ក៏ដូចជាការប្រជែងឱកាសក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះផងដែរ។
តំណាងក្រុមជើងឯកដដែលបន្ដថា ការរៀបចំព្រឹត្តិការណ៍អន្ដរជាតិបែបនេះ ពិតជាផ្ដល់ផលចំណេញច្រើន សម្រាប់វិស័យកីឡាអេឡិចត្រូនិកកម្ពុជា ពិសេសក្រុមខ្លួនផ្ទាល់ ក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតលើឆាកអន្ដរជាតិ។ ញ៉ែម ច័ន្ទដាវណ្ណ សង្ឃឹមថា ការប្រកួតនេះ នឹងទទួលបានការគាំទ្រពីវិស័យឯកជនក្នុងការរៀបចំជាបន្ដបន្ទាប់ទៀត ទាំងកម្រិតថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើន។
គួរដឹងថា សម្រាប់ការប្រកួត EMWI 2025 នេះ ចំពោះក្រុមជើងឯក CFU Gaming ទទួលបានពាន ១គ្រឿង អមប្រាក់រង្វាន់ ៦ពាន់ដុល្លារ ។ រីឯក្រុម Pro Esports ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ៣ពាន់ដុល្លារ ខណៈលេខ៣ បានក្រុមកម្ពុជាដូចគ្នា គឺក្រុម Galaxy Legends ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ។ រីឯក្រុមឈរលេខ៤ ដល់លេខ៨ ទាំងក្រុមកម្ពុជា វៀតណាម ឡាវ និងសិង្ហបុរី ក៏ទទួលបានប្រាក់ឧបត្ថម្ភផងដែរ៕