(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានទទួលស្គាល់ជា ធនាគារបម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើមនៅកម្ពុជា ជាថ្មីម្តងទៀត ពីទស្សនាវដ្តី Asian Banking and Finance (ABF)។ នេះជាឆ្នាំទី៥ ជាប់ៗគ្នា ដែល ABA ទទួលបានពានរង្វាន់ថ្នាក់តំបន់ដ៏មានកិត្យានុភាពនេះ ដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តជាបន្ដបន្ទាប់របស់ ធនាគារចំពោះនវានុវត្តន៍ សេវាកម្មល្អឯក និងភាពនាំមុខ លើផ្នែកឌីជីថលនៅក្នុងវិស័យធនាគារកម្ពុជា។
គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី ABF បានពិចារណាលើសមិទ្ធផលគួរឱ្យកត់សម្កាល់ថ្មីៗរបស់ ABA រួមមាន ជាអាទិ៍ការសម្រេចបានអតិថិជនក្នុងដៃប្រមាណ 5.1 លាននាក់ និងកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់ក្នុងការពង្រឹងសមត្ថភាពកម្មវិធីធនាគារលើទូរស័ព្ទដៃ និងសេវាធនាគារអនឡាញ ដើម្បីបម្រើសេវាជូនអតិថិជនជារូបវន្ដបុគ្គល និងអាជីវកម្មឲ្យកាន់តែប្រសើរឡើងជាលំដាប់។
ABA Mobile ដែលជាផលិតផលឯករបស់ធនាគារ ទទួលបាន ការអភិវឌ្ឍសំខាន់ៗ ក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងបង្កើនភាពងាយស្រួលជូនដល់អ្នកប្រើប្រាស់។ មុខងារថ្មីៗ រួមមានជាអាទិ៍៖
*១៖ សោមុខ (FacePass Secure)៖ មុខងារសុវត្ថិភាព ប្រើប្រាស់ការសម្គាល់ផ្ទៃមុខរស់ផ្ទាល់ទៅក្នុងកម្មវិធីធនាគារលើទូរស័ព្ទដំបូងគេបង្អស់នៅកម្ពុជា។ មុខងារនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីទប់ស្កាត់ការក្លែងបន្លំ ដោយធានាប្រតិបត្តិការរបស់អតិថិជនធ្វើឡើងដោយត្រឹមត្រូវ ស្របតាមឆន្ទៈ និងសុវត្ថិភាព។
*២៖ មុខងារឆាតក្នុង ABA Mobile៖ មុខងារថ្មីដំបូងបង្អស់ក្នុងប្រទេសដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជជែកសន្ទនា ផ្ញើប្រាក់ និងបញ្ជាក់ប្រតិបត្តិការយ៉ាងសុវត្ថិភាពនៅកន្លែងតែមួយ — ជួយកាត់បន្ថយការក្លែងបន្លំ/ហេគប្រូហ្វាលតាមបណ្ដាញសង្គមនានា ។
*៣៖ ណាវី ជំនួយការនិម្មិតសម្រាប់សេវាធនាគារ៖ ជា AI ជំនួយការសម្រាប់ផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងសេវាធនាគារ ដែលបង្កើតឡើងដើម្បីឆ្លើយតបភ្លាមៗទៅនឹងសំណួរ ឬចម្ងល់ពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្មរបស់ ABA។ ណាវីចេះច្រើនភាសា និងបានរចនាឡើងដើម្បីយល់សំណួរ និងផ្ដល់ចម្លើយច្បាស់ងាយស្រួលយល់ដូចនិយាយជាមួយមនុស្សពិតៗ។
ABA ក៏បន្តគាំទ្រអាជីវកម្មតូចធំគ្រប់ប្រភេទផងដែរ។ ផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business បានសម្រួលប្រតិបត្តិការហិរញ្ញវត្ថុរបស់អាជីវកម្ម ជាមួយមុខងារល្អៗដូចជា ការទូទាត់ច្រើនដំណាលគ្នាប្រាក់បៀវត្សរ៍ សេវាប្រមូលប្រាក់ និងការភ្ជាប់ប្រព័ន្ធគណនេយ្យCloud។ ក្នុងឆ្នាំ២០២៤ចំនួនអ្នកប្រើប្រាស់កើនបាន២៤% និងទំហំប្រតិបត្តិការសរុបកើន បាន៣៥%។ បណ្ដាស្ថាប័នរដ្ឋាភិបាលជាច្រើន ក៏ប្រើប្រាស់ ABA ដើម្បីគ្រប់គ្រងការទូទាត់ផងដែរ រួមមានជាអាទិ៍ ការប្រមូលពន្ធបង់ទឹកភ្លើង&សំរាមនិងកម្រៃសេវាសាធារណៈផ្សេងៗទៀត បង្ហាញពីទំនុកចិត្តថែមមួយកម្រិតទៀតមកលើ ABA ដោយមានការទុកចិត្តពីស្ថាប័នរដ្ឋ។
លោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA បានលើកឡើងថា៖ «យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដែលបានទទួលពាន ធនាគារ បម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើមជាលើកទីប្រាំ។ ពានរង្វាន់នេះ បានឆ្លុះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើងខ្ញុំ ធ្វើយ៉ាងណាឲ្យសេវាធនាគារកាន់ តែងាយស្រួលប្រើប្រាស់ ពេញដោយនវានុវត្ត ដោយគិតគូពីតម្រូវការជាក់ស្ដែងរបស់អតិថិជនជាគោល។ ពានរង្វាន់នេះទៀតសោត ក៏បានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់អតិថិជនមកលើធនាគារ ABA ផងដែរ»។
នៅក្នុងសំណេរពាក់ព័ន្ធនឹងពានរង្វាន់របស់ធនាគារ ABA នាឆ្នាំនេះទស្សនាវដ្តី បានបន្ដថា៖ «ធនាគារ ABA ត្រូវបានទទួលស្គាល់ជាធនាគារបម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើមប្រចាំឆ្នាំ ដោយសារលទ្ធផលដ៏រឹងមាំ ដោយបន្ដនាំមុខក្នុងទីផ្សារទាំងផ្នែករូបវន្ដបុគ្គល និងឌីជីថល។ កម្មវិធី ABA Mobile ដែលជាផលិតផលឯករបស់ធនាគារ ត្រូវបានគេប្រដូចនឹងការទូទាត់ឌីជីថលនៅកម្ពុជា។ វឌ្ឍនភាពរបស់ធនាគារ គួបផ្សំជាមួយនឹងបណ្ដាញសាខា និងសេវាកម្មដែលបន្ដពង្រីកជាលំដាប់ បានធ្វើឲ្យធនាគារនេះ សម្រេចបាននូវបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា»។ ជាមួយការផ្តោតលើនវានុវត្តន៍ និងយុទ្ធសាស្ដ្រផ្ដោតលើអតិថិជនជាគោលចម្បង ធនាគារ ABA តែងតែនាំមុខ ក្នុងការកំណត់ស្ដង់ដារថ្មីសម្រាប់អនាគតវិស័យធនាគារនៅកម្ពុជា។
សូមជម្រាបដែរថា ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៤។ ធនាគារ ABA មាន ១០១សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន ៤៥ កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,800 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនជាង ៥លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ៕