(បរទេស)៖ បណ្តាមេដឹកនាំនៃក្រុមប្រទេស BRICS រួមមាន ប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង កំពុងត្រៀមចេញសេចក្ដីប្រកាសជាផ្លូវការដើម្បីអំពាវនាវឲ្យមានការការពារទិន្នន័យប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមសេចក្ដីព្រាង ដែល Reuters ទទួលបានគឺ មេដឹកនាំនៃក្រុមទាំងនេះផ្តោតលើការការពារការប្រមូលទិន្នន័យច្រើនពេកដោយ AI និងការធានាថាប្រភពបង្កើតខ្លឹមសារដែលប្រើក្នុងការបណ្តុះបណ្តាល AI ត្រូវបានទទួលការបង់ប្រាក់សមរម្យ។ ការគ្រប់គ្រង AI ជាអន្តរជាតិ គឺមានសារសំខាន់ណាស់ ខណៈបណ្ដាប្រទេស BRICS កំពុងប្រើសម្លេងរួម ដើម្បីអំពាវនាវឲ្យមានបទប្បញ្ញត្តិ AI ដែលមានតុល្យភាព និងយុត្តិធម៌ ជាពិសេសនៅពេលក្រុមហ៊ុនបច្ចេកវិទ្យធំនៅបរទេស មិនចង់បង់ប្រាក់សម្រាប់ទិន្នន័យសម្រាប់បណ្តុះបណ្តាល AI។ ការទាមទារនេះ គឺដើម្បីការពារសិទ្ធិឯកជន និងកម្មសិទ្ធបញ្ញាដោយពួកគេនិយាយថា គួរត្រូវមានការការពារទិន្នន័យផ្ទាល់ខ្លួន និងឲ្យអ្នកបង្កើតខ្លឹមសារទទួលប្រាក់សមរម្យ។
គួរជម្រាបថា ក្នុងសេចក្ដីប្រកាសចាស់ៗរបស់ BRICS គឺពួកគេបានទទួលស្គាល់ថា AI អាចនាំឲ្យមានការរីកចម្រើនសេដ្ឋកិច្ច និងសង្គម ប៉ុន្តែមានការព្រួយបារម្ភអំពី ការរំលោភសិទ្ធិឯកជន, ព័ត៌មានបន្លំ និងការបាត់បង់ការងារ។ នៅកិច្ចប្រជុំកំពូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅ Rio de Janeiro មេដឹកនាំ BRICS បានអំពាវនាវឲ្យមានការការពារទិន្នន័យ និងប្រព័ន្ធបង់ប្រាក់សមរម្យ សម្រាប់ការប្រើប្រាស់ AI ដោយគ្មានការអនុញ្ញាត ជាជំហរមួយសំខាន់ក្នុងការទាមទារសេរីភាព និងតុល្យភាពក្នុងការគ្រប់គ្រងបច្ចេកវិទ្យា AI៕