(កំពង់ធំ)៖ អគារមត្តេយ្យសិក្សានៅសាលាបឋមសិក្សាសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជីញជាអធិបតីភាពពីលោក យឹម លាត និងលោកស្រី សាយ សំអាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ អគារមត្តេយ្យនេះសាងសង់ឡើង ក្រោមគំនិតផ្តួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ដោយទទួលបានការគាំទ្រថវិកាពីធនាគារ ខេប៊ីប្រាសាក់។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា «កន្លងមកធនាគារ ខេប៊ីប្រាសាក់ បានផ្តល់អគារបណ្ណាល័យ និងអគារសិក្សាចំនួន ៤៨ខ្នង ជូនសាលារៀននានាក្នុងខេត្តចំនួន១៥ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានបំពាក់សៀវភៅ និងសម្ភារៈសិក្សាស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។ មានតែការជួយវិស័យអប់រំទេ ដែលអាចជួយកូនចៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ទទួលបានចំណេះដឹងដែលជាតម្រូវការចាំបាច់សម្រាប់ទុកប្រកបរបរ ឬរកចំណូលនាថ្ងៃអនាគត»។
លោក យឹម លាត បានថ្លែងថា «ដូចបងប្អូនបានជ្រាបស្រាប់ហើយថា ធនាគារ ខេប៊ីប្រាសាក់ មិនទើបតែសាងសង់អគារនៅសាលាបឋមសិក្សាសំបូរនេះទេ គឺបានផ្ដល់អគារបណ្ណាល័យ និងអគារសិក្សាចំនួន៤៨ ខ្នង រួចមកហើយនៅតាមសាលាផ្សេងៗ ដើម្បីជួយឱ្យសិស្សានុសិស្សរបស់យើងឱ្យមានចំណេះដឹង និងអនាគតល្អ។ អគារមត្តេយ្យនៅសាលាបឋមសិក្សាសំបូរនឹងសាងសង់ និងបំពាក់សម្ភារៈរួចរាល់នាពេលប៉ុន្មានខែខាងមុខនេះ។ ដូចនេះ ក្មួយៗត្រូវតែប្រើប្រាស់ និងជួយថែរក្សាសមិទ្ធផលនេះ ឱ្យប្រើប្រាស់បានយូរអង្វែង ហើយត្រូវខិតខំរៀនសូត្រ ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយសិស្សសាលាដទៃទៀត»។
នាឱកាសនោះ ក៏មានការដាំដើមឈើពីគណៈអធិបតី និងភ្ញៀវកិត្តិយសដើម្បីលើកកម្ពស់សោភណភាព បរិស្ថានបៃតងក្នុងសាលារៀនផងដែរ។ ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាធនាគារពាណិជ្ជថ្មីមួយ នៅក្នុងប្រទេសកម្ពុជាដែលមានអាជ្ញាបណ្ណពី ធនាគារជាតិ នៃកម្ពុជា។ គិតត្រឹម ខែធ្នូ ឆ្នាំ២០២៤ ខេប៊ីប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន ៥.៦៤ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ ៣.៥៣ ប៊ីលានដុល្លារអាមេរិក អតិថិជនបញ្ញើសន្សំចំនួន ៩៧៩ពាន់នាក់ សម្ពៀតឥណទានសរុបចំនួន ៥.១៨ប៊ីលានដុល្លារអាមរិក អតិថិជនឥណទាន ៥៧៦ ពាន់នាក់ ការិយាល័យសាខាចំនួន ១៨៨ និងបុគ្គលិកមានចំនួនច្រើនជាង ១០,០០០នាក់៕