(បរទេស)៖ Jhon Duran សមាជិកលេងនៅតំបន់ប្រយុទ្ធជាមួយ Cristiano Ronaldo ត្រូវបានក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr ដាក់ឱ្យ Fenerbahce ខ្ចីជើង ១រដូវកាលឆ្នាំ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករសញ្ជាតិកូឡុំប៊ី វ័យ ២១ឆ្នាំរូបនេះ ទើបតែត្រូវបានក្លិបលេងនៅ Saudi-Pro League ទិញពី Aston Villa ក្នុងតម្លៃ ៧១លានផោននាអំឡុងខែមករា ឆ្នាំ២០២៥ មានរយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះ មុនពេលផ្លាស់មកលេងនៅទឹកដីអឺរ៉ុបវិញ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho។
ការប្រកបអាជីពបាល់ទាត់នៅទឹកដីទ្វីបអាស៊ី Duran រកបាន ១២គ្រាប់ ពីការបង្ហាញខ្លួនសរុប ១៨ប្រកួតនៅតំបន់មជ្ឈិមបូព៌ា បានត្រឹមរួមចំណែកជួយ Al-Nassr បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Saudi-Pro League រដូវកាលមុនតែប៉ុណ្ណោះ គ្រាដែល Fenerbahce ដែលស្ថិតក្រោមការដឹកនាំដោយបុរសសញ្ជាតិព័រទុយហ្គាល់វិញ បញ្ចប់ក្នុងតំណែងលេខ២ នៅ Turkey-Super Lig តាមពីក្រោយ Galatasaray ដែលដណ្តើមបានជើងឯក។
នៅចាំបានថា Duran ដែលរកបាន ៣គ្រាប់ផងដែរពីការចូលលេង ១៧ប្រកួតជាមួយជម្រើសជាតិកូឡុំប៊ី បានចូលរួមជាមួយ Villa តាមរយៈផ្លាស់ចេញពីក្លិប Chicago Fire របស់អាមេរិកក្នុងតម្លៃ ១៨លានផោនកាលខែមករា ឆ្នាំ២០២៣៕