(បរទេស)៖ ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ iPhone ដ៏ធំបំផុតរបស់ Apple បានប្រកាសពីប្រាក់ចំណូលក្នុងត្រីមាសទី ២ របស់ខ្លួនកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រដល់ ១.៧៩៧ ពាន់ពាន់លានតៃវ៉ាន់ (ប្រមាណ ៥៧ ពាន់លានដុល្លារ) ដែលកើនឡើង ១៥.៨២% បើធៀបនឹងឆ្នាំមុន។ កំណើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយតម្រូវការផលិតផលបញ្ញាសិប្បនិម្មិត (AI) រឹងមាំ ជាពិសេសនៅក្នុងផ្នែកផលិតផល cloud និងបណ្តាញ ដែលក្រុមហ៊ុន Nvidia ជាអតិថិជនដ៏សំខាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
ទោះបីជាមានកំណើនគួរឱ្យកត់សម្គាល់នេះក៏ដោយ Foxconn បានព្រមានអំពីហានិភ័យភូមិសាស្ត្រនយោបាយ និងអត្រាប្តូរប្រាក់។ ក្រុមហ៊ុនបានលើកឡើងថា ផ្នែកគ្រឿងអេឡិចត្រូនិកឆ្លាតវៃ រួមទាំង iPhone ផងដែរ មានកំណើនប្រាក់ចំណូល «ទាបជាង» ធៀបនឹងឆ្នាំមុន ដោយសារតែផលប៉ះពាល់ពីអត្រាប្តូរប្រាក់។ ប្រាក់ចំណូលខែមិថុនា ក៏បានកើនឡើង ១០.០៩% ធៀបនឹងឆ្នាំមុនផងដែរ ដោយឈានដល់ ៥៤០.២៣៧ ពាន់លានតៃវ៉ាន់ ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ខែនោះ។
Foxconn រំពឹងថានឹងមានកំណើនក្នុងត្រីមាសបច្ចុប្បន្នបើធៀបនឹងត្រីមាសមុនៗ និងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដ៏ធំនេះបានបញ្ជាក់ថា «ផលប៉ះពាល់នៃការវិវត្តន៍នៃលក្ខខណ្ឌនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលអត្រាប្តូរប្រាក់ នឹងត្រូវតាមដានយ៉ាងដិតដល់ជាបន្តបន្ទាប់»។ ការព្រមាននេះកើតឡើងចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា លោកបានចុះហត្ថលេខាលើលិខិតទៅកាន់ ១២ ប្រទេស ដោយគូសបញ្ជាក់ពីកម្រិតពន្ធផ្សេងៗគ្នាដែលពួកគេនឹងត្រូវប្រឈមមុខលើទំនិញដែលពួកគេនាំចេញទៅកាន់សហរដ្ឋអាមេរិក។
គួរជម្រាបថា Foxconn ដែលមានរោងចក្រផលិត iPhone ដ៏ធំបំផុតរបស់ពិភពលោកនៅទីក្រុង Zhengzhou ប្រទេសចិន ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump។ ភាគហ៊ុនរបស់ Foxconn បានកើនឡើង ៧៦% កាលពីឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះ ១២.៥% រហូតមកដល់ឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីសម្ពាធទូទៅលើភាគហ៊ុនបច្ចេកវិទ្យា។ ក្រុមហ៊ុននឹងប្រកាសលទ្ធផលចំណូលពេញលេញសម្រាប់ត្រីមាសទី២ នៅថ្ងៃទី ១៤ ខែសីហា ខាងមុខនេះ៕